(គែរ)៖ កងនាវាជើងទឹកមកពីអេហ្ស៊ីប ចក្រភពអង់គ្លេស និងបារាំង បានរួមគ្នាធ្វើសមយុទ្ធនៅលើដែនសមុទ្រក្រហម និងមេឌីទែរ៉ាណេ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
អ្នកនាំពាក្យយោធាអេហ្ស៊ីបបានឲ្យដឹងថា សមយុទ្ធខាងលើត្រូវបានធ្វើឡើងក្រោមក្របខណ្ឌនៃគម្រោងរបស់ប្រទេសអេហ្ស៊ីប ដើម្បីបង្កើនកិច្ចសហប្រតិបត្តិយោធាជាមួយបណ្តាប្រទេសជាមិត្ត។ សម្រាប់សមយុទ្ធជាមួយទ័ពជើងទឹកអង់គ្លេស រួមមានការហ្វឹកហាត់ប្រើប្រាស់បរិក្ខាទំនើបៗ ដើម្បីរុករកនិងដោះមីនក្នុងផ្ទៃសមុទ្រ ដែលជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយ ចំពោះផ្លូវធ្វើដំណើរសំខាន់ៗ។
ចំណែកការហ្វឹកហាត់ជាមួយបារាំងវិញ កងនាវានៃប្រទេសទាំងពីរ បានធ្វើតេស្តបាញ់គ្រាប់ពិតនៅលើផ្ទៃសមុទ្រមេឌីទែរ៉ាណេ និងហាត់សមពីការទប់ទល់នឹងអំពើភេវរកម្មនៅដែនសមុទ្រអន្តរជាតិ ព្រមទាំងការត្រួតពិនិត្យលើកប៉ាល់គួរឲ្យសង្ស័យជាដើម។
គួរជម្រាបថា អេហ្ស៊ីបជារៀងរាល់ឆ្នាំតែងតែធ្វើសមយុទ្ធយោធាជាមួយបណ្តាប្រទេសអារ៉ាប់ អាហ្រ្វិក និងអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងដោះដូរជំនាញផ្សេងៗទាក់ទិននឹងវិស័យយោធា ជាមួយបណ្តាប្រទេសជាមិត្ត៕