(ម៉ិចស៊ីកូ)៖ អនាគតប្រធានាធិបតីម៉ិចស៊ីកូ លោក អាន់ដ្រេស អូប្រាឌ័រ (Andres Obrador) ទំនងជាបានព្រលយពាក្យសម្តីដាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា ពុំមាននរណាម្នាក់អាចមកគំរាមកំហែងដល់ប្រទេសរបស់លោក តាមរយៈការសាងសង់ជញ្ជាំងព្រំដែននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែសីហា ឆ្នាំ២០១៨។
ថ្លែងក្នុងកិច្ចប្រជុំមួយជាមួយក្រុមវិស្វករម៉ិចស៊ីកូ លោក Obrador បានលើកឡើងយ៉ាងដូច្នេះថា «គោលដៅរបស់យើង គឺនឹងធ្វើយ៉ាងណាឲ្យម៉ិចស៊ីកូក្លាយជាប្រទេសដ៏ខ្លាំងក្លាមួយ ហើយពុំមាននរណាម្នាក់អាចមកគំរាមកំហែងយើងថា ពួកគេនឹងបិទឬក៏ដាក់ពង្រាយយោធានៅព្រំដែន ឬសាងសង់ជញ្ជាំងនោះឡើយ»។ លោក Obrador ត្រូវគេរំពឹងថានឹងស្បថឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី០១ ខែធ្នូ ចុងឆ្នាំនេះ ក្រោយពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីដើមខែកក្កដាកន្លងទៅ។
គួរជម្រាបថា លោក ត្រាំ បានធ្វើការសន្យាជាច្រើនលើកច្រើនសាថានឹងសាងសង់ជញ្ជាំងមួយនៅព្រំដែនអាមេរិក-ម៉ិចស៊ីកូ ដើម្បីរារាំងការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ព្រមទាំងការរត់ពន្ធក៏ដូចជាជួញដូរមនុស្សនិងគ្រឿងញៀន ដែលរឿងសាងសង់ជញ្ជាំងព្រំដែននេះ គឺជាការសន្យាដ៏សំខាន់មួយ កាលពីអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក ដូណាល់ ត្រាំ៕