(ចិន)៖ ដោយស្ថិតនៅចំកណ្តាលប្រទេសចិន ខេត្តហ៊ូណាន បាននិងកំពុងអភិវឌ្ឍវិស័យផលិតបែបឆ្លាតវៃរបស់ខ្លួន ដើម្បីកសាងខេត្តនេះ ឱ្យក្លាយជាខេត្តមួយក្នុងចំណោមខេត្តកំពូលៗ ដែលពូកែខាងផ្នែកផលិត នៅប្រទេសចិន។
កាលពីមុន វិស័យផលិតកម្ម នៅខេត្តហ៊ូណាន គឺមិនខុសគ្នាប៉ុន្មានពីខេត្តក្រុង និងតំបន់ស្វយ័តផ្សេងៗ នៅប្រទេសចិននោះឡើយ។ តែឥឡូវខេត្តនេះ មានផែនការរយៈពេល៥ឆ្នាំ ដ៏មហាសាលមួយ ដែលចង់កសាងខ្លួនឱ្យក្លាយជាខេត្ត ដែលពូកែបំផុតខាងផ្នែកផលិតកម្ម ពោលគឺចង់ក្លាយខ្លួន ជាកន្លែងផលិតដែលប្រើបច្ចេកវិទ្យាដ៏ឆ្លាតវៃបំផុតមួយ។
អ្នកគាំទ្រផែនការនេះ ក៏បានអនុញ្ញាតឱ្យខេត្តហ៊ូណាន អាចសម្រេចបាននូវរបកគំហើញជាច្រើន ផ្នែកផលិតសម្ភារៈ កំពូលកុំព្យូទ័រ ប្រព័ន្ធដឹកជញ្ជូនលើគោកល្បឿនមហាលឿន និងប្រព័ន្ធផ្កាយរណបសម្រាប់ធ្វើពិសោធន៍ វិទ្យាសាស្ត្រជាលក្ខណៈអាជីវកម្ម ដំបូងគេបង្អស់ក្នុងប្រទេសចិនផងដែរ។
កាលពីមុនវិស័យឧស្សាហកម្មធន់ធ្ងន់ គឺជាកត្តាសំខាន់ដែលខេត្តនេះ ផ្តោតជាចំបង ដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្ត។ តែឥឡូវដោយមានផែនការដ៏ធំនេះ ខេត្តហ៊ូណាន ចង់អភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់។
លោក ជិន សូវ សាស្ត្រាចារ្យ សាកលវិទ្យាល័យហ៊ូណាន បានថ្លែងថា«កាលពីមុន យើងផ្តោតសំខាន់ទៅលើវិស័យឧស្សាហកម្មធន់ធ្ងន់ ដោយសារវាមានសារៈសំខាន់ចំពោះវិស័យផលិតកម្មទាំងមូល។ យើងត្រូវការអភិវឌ្ឍវា ហើយស្វែងរកវិធីដើម្បីអភិវឌ្ឍវាឱ្យបាន។ ដូច្នេះ នេះហើយគឺជាឬសគល់ ដែលនាំឱ្យមានយុទ្ធសាស្ត្រដែលចង់អភិវឌ្ឍវិស័យផលិតកម្មបែបឆ្លាតវៃឱ្យកាន់តែទំនើប ដោយអភិវឌ្ឍបន្ថែមពីលើវិស័យផលិតកម្មធម្មតាៗដែលយើងមានស្រាប់»។
ក្រុមហ៊ុនសាងសង់ផ្លូវដែកធន់ធ្ងន់ចិន គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន សាងសង់ផ្លូវដែកចិន (China Railway Construction Corporation) ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនទាំង៥០០ក្នុងពិភពលោក ដែលរកប្រាក់ចំនូលបានច្រើនបំផុត។
ម៉ាស៊ីនខួងផ្លូវក្រោមដីរបស់ក្រុមហ៊ុននេះ កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ ទាំងនៅក្នុងប្រទេសចិន និងនៅបរទេស។ បច្ចេកវិទ្យាទំនើបៗដូចជាបច្ចេកវិទ្យារចនាសិប្បនិម្មិត បច្ចេកវិទ្យារំញោច បញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាផ្សេងៗទៀត ធ្វើឱ្យម៉ាស៊ីននេះអាចដំណើរការបាន ដោយមិនចាំបាច់មានភ្លើងបំភ្លឺ។ ក្រុមហ៊ុននេះ ក៏បានចុះកិច្ចសន្យាមួយ ជាមួយប្រទេសតួគី ដើម្បីសាងសង់ផ្លូវរថភ្លើងក្រោមដី នៅទីក្រុង អ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំមួយរបស់តួគី។
លោក លាវ ហាយហួរ អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុនសាងសង់ផ្លូវដែកធន់ធ្ងន់ចិន បានថ្លែងថា «ក្រោយពីទទួលបានបទពិសោធន៍នៅប្រទេសចិនរួចមក មានអតិថិជនអន្តរជាតិជាច្រើនបានទទួលស្គាល់ស្នាដៃរបស់យើង តាមរយៈការបង្កើតទីផ្សាររបស់យើងនៅបរទេស។ ហើយទីបំផុតទៅ យើងក៏បានទទួលកិច្ចសន្យាសាងសង់ផ្លូវរថភ្លើងក្រោមដី នៅទីក្រុង អ៊ីស្តង់ប៊ុល ជាមួយប្រទេសតួគីនេះ»។
ខេត្តហ៊ូណាន កំពុងដាក់គោលដៅលើឧស្សាហកម្មថ្មីៗចំនួន២០ ក្នុងផ្នែកដឹកជញ្ជូនតាមរថភ្លើង និងម៉ាស៊ីនវិស្វកម្ម ដើម្បីកសាងបណ្តុំឧស្សាហកម្មផលិតកម្មដ៏ឆ្លាតវៃលំដាប់ពិភពលោកមួយ៕ (សារព័ត៌មាន CCTV របស់ចិន)