(កាប៊ុល)៖ អាជ្ញាធរអាហ្វហ្គានីស្ថាន​បានឲ្យដឹងថា ក្រុមតាលីបង់ បានបើកការវាយប្រហារ​ទ្រង់ទ្រាយធំ​ទៅលើ​ក្រុង ហ្គាសនី (Ghazni) នៃខេត្ត ហ្គាសនី (Ghazni) ស្ថិតនៅភាគខាងកើត​ប្រទេស។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃ​សុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

​លោក ឡាទីហ្វា អាកបារី (Latifa Akbari) ដែលជាប្រធានក្រុមប្រឹក្សា​ខេត្តខាងលើ បានបញ្ជាក់ថា ​ការផ្ទុះអាវុធដាក់គ្នា​យ៉ាងក្តៅ​គគុករវាង​​កងកម្លាំង​​រដ្ឋាភិបាល​ និងក្រុម​ឧទ្ទាម​បានកើតឡើងតាំង​ពីយប់រំលងអធ្រាត​ថ្ងៃសុក្រនេះ ហើយហាងមួយចំនួន នៅក្នុងទីក្រុង​បានឆាបឆេះ​។ ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន​បានឲ្យដឹងថា កងទ័ព​ត្រូវ​បានបញ្ជូនឲ្យ​មកជួយ​ប៉ូលិស​​ក្នុងតំបន់ ហើយទីក្រុង​កំពុងស្ថិត​ក្រោមការគ្រប់គ្រង​​​របស់កង​កម្លាំង​រដ្ឋាភិបាល។​

​ទន្ទឹមនឹងនេះ ​ប្រធានមន្ទីរពេទ្យ​មួយកន្លែងក្នុងក្រុង Ghazni បាន​ប្រាប់ថា​​ កងកម្លាំងសន្តិសុខ ០៩នាក់​បានរងរបួស នៅក្នុងការវាយ​ប្រហារ​ដ៏តាលីបង់ និងកំពុងទទួល​ការសង្រ្គោះព្យាបាល​នៅឯមន្ទីរពេទ្យ។

គួរជម្រាបថា បើតាមអ្នកនាំពាក្យរបស់​ក្រុមតាលីបង់វិញ ផ្នែកមួយចំនួននៃទីក្រុង បានធ្លាក់ក្រោម​​កណ្តាប់ដៃ​របស់​តាលីបង់ ហើយ​​មនុស្សជាច្រើន​នាក់បានស្លាប់។ ម៉្យាងវិញទៀត​សមាជិកតាលីបង់​ ០៣នាក់ បានបាត់បង់ជីវិត​ហើយ​ ០៨នាក់​ក៏បានរងរបួសផងដែរ​​៕