(កាប៊ុល)៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​​បានឲ្យដឹងថា ក្រុមតាលីបង់​យ៉ាងហោច​ណាស់ ១៥០នាក់ ត្រូវបាន​សម្លាប់ ឬរងរបួសនៅក្នុង​ការប៉ះទង្គិចគ្នា ដ៏សាហាវមួយ​ជាមួយកងកម្លាំង​រដ្ឋាភិបាល។ ប៉ុន្តែភ្លាមៗ មិនទាន់មាន​ការបញ្ជាក់ពីជនរង​គ្រោះជាជនស៊ីវិល​នោះទេ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយ​​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាច​ថ្ងៃ​សុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

ក្រុមតាលីបង់​បានបើកការវាយប្រហារ​ទ្រង់ទ្រាយធំ​​ទៅលើ​ក្រុង ហ្គាសនី (Ghazni) នៃខេត្ត ហ្គាសនី (Ghazni) ស្ថិតនៅភាគខាង កើត​ប្រទេស។ ​ដោយឡែក លោក ឡាទីហ្វា អាកបារី (Latifa Akbari) ដែលជាប្រធានក្រុមប្រឹក្សា​​ខេត្តខាងលើ ក៏បានបញ្ជាក់ដែរថា ការផ្ទុះអាវុធដាក់គ្នា​​យ៉ាងក្តៅ​គគុករវាង​​កង​កម្លាំង​​​រដ្ឋាភិបាល​ និងក្រុម​ឧទ្ទាម​បានកើតឡើងតាំង​ពីយប់រំលងអធ្រាត​ថ្ងៃសុក្រនេះ ហើយហាងមួយចំនួន នៅក្នុងទីក្រុង​បានឆាបឆេះ​។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន​បានឲ្យដឹងថា កងទ័ព​ត្រូវ​បានបញ្ជូនឲ្យ​មកជួយ​ប៉ូលិស​​ក្នុងតំបន់ ហើយទីក្រុង​កំពុងស្ថិត​ក្រោមការគ្រប់គ្រង​​​របស់កង​កម្លាំង​រដ្ឋាភិបាល ខណៈចំនួនមនុស្ស​ស្លាប់អាចមាន​ច្រើន​ក្នុងចំណោមចំនួន​អ្នករងគ្រោះ​ទាំង ១៥០នាក់នោះ។​

គួរបញ្ជាក់តាមសម្តីប្រធានមន្ទីរពេទ្យ​មួយកន្លែងក្នុងក្រុង Ghazni បាន​ប្រាប់ថា​​ កងកម្លាំងសន្តិសុខ ០៩នាក់​បានរងរបួស នៅក្នុងការវាយ​ប្រហារ​ដ៏តាលីបង់ និងកំពុងទទួល​ការសង្រ្គោះព្យាបាល​នៅឯមន្ទីរពេទ្យ។ ដោយឡែក​បើតាមអ្នកនាំពាក្យរបស់​ក្រុម​តាលីបង់វិញ ផ្នែកមួយចំនួននៃទីក្រុង បានធ្លាក់ក្រោម​​​កណ្តាប់ដៃ​របស់​តាលីបង់ ហើយ​​មនុស្ស​ជាច្រើន​នាក់បាន​ស្លាប់៕