(តូក្យូ)៖ ទីបំផុតឧទ្ធម្ភាគចក្រ​នៃរដ្ឋបាលខេត្តភាគកណ្តាល​ប្រទេសជប៉ុន ដែលបានបាត់​ដំណឹងតាំងពីតែពីព្រឹក​ថ្ងៃសុក្រនេះ ត្រូវបានក្រុមសង្គ្រោះរកឃើញ​ហើយនៅល្ងាច​ថ្ងៃដដែលនេះ ដោយវាបានធ្លាក់​នៅតំបន់ភ្នំនៅក្នុងខេត្ត ហ្គាន់ម៉ា ភាគកណ្តាល​ប្រទេសនេះ​តែម្តង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន​ស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១០ ខែសីហា ឆ្នាំ២០១៨។

ក្រុមសង្គ្រោះជប៉ុន​បានបន្ថែមទៀតថា មនុស្ស​០៧នាក់ទៀតនៅតែបន្តបាត់ខ្លួន​នៅ​ឡើយ​ដោយមិន​ទាន់ដឹងថា ពួកគេស្លាប់ ឬមួយក៏នៅរស់នោះឡើយ ខណៈការស្វែង​រកកំពុងបន្តធ្វើឡើង​ បើ​ទោះបីជាឈានដល់ពេល​យប់ និងមានអ័ព្ទក្រាស់​នៅតំបន់ភ្នំខាងលើ​ក៏ដោយ។

គួរបញ្ជាក់​តាម​សារព័ត៌មានក្នុងតំបន់​​ឲ្យដឹងថា ឧទ្ធម្ភាគចក្រ​មួយគ្រឿងប្រភេទ ​Bell 412EP របស់រដ្ឋបាលខេត្ត Gunma ​បានបាត់ដំណឹង​​​កាលពី​វេលា​ម៉ោង ១០៖០០នាទីព្រឹក​ម៉ោងនៅទីក្រុងតូក្យូ ហើយមូលហេតុ​នៃការធ្លាក់នេះ មិនទាន់មាន​ការបញ្ជាក់នោះ​ឡើយ៕