(ការ៉ាកាស់)៖ រដ្ឋាភិបាល​វេណេស៊ុយអេឡា​​បានស្នើប៉ូលិសអន្តរជាតិ​អាំងទែប៉ូល (Interpol) ធ្វើការចាប់ខ្លួន​អតីតអនុប្រធានបក្សប្រឆាំង​វេណេស៊ុយអេឡា គឺលោក ជូលីយ៉ូ ប៊ែរហ្គែស (Julio Borges) ដែលត្រូវបានចោទ​ប្រកាន់ថា បានរៀបចំគំរោងធ្វើឃាត​ប្រធានាធិបតី​វេណេស៊ុយអេឡា​លោក នីកូឡា ម៉ាឌូរ៉ូ កាលពីចុង​សប្តាហ៍មុន។ នេះ​បើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹក​ថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

ជុំវិញបញ្ហានេះ​លោក ហ្សក រ៉ូទ្រីហ្គែស រដ្ឋមន្ត្រី​ទំនាក់ទំនង និងវប្បធម៌​របស់​វេណេស៊ុយអេឡា បាន​គូសបញ្ជាក់ថា «អតីតអនុប្រធាន​បក្ស​ប្រឆាំង​ស្តាំនិយម Borges ត្រូវតែចូលមកឆ្លើយនឹងសំនួរ​នានា អំពីការចូលរួមរបស់ខ្លួន​​ក្នុងទង្វើប៉ុនប៉ង​​ធ្វើឃាត​ប្រធានាធិបតី​ ម៉ាឌូរ៉ូ នៅចំពោះមុខ​តុលាការរបស់​​វេណេស៊ុយអេឡា»។

គួរបញ្ជាក់ថា នៅក្នុងសន្និសីទ​សារព័ត៌មានមួយក្នុងរដ្ឋធានី​ការ៉ាកាស់ លោករដ្ឋមន្ត្រីទំនាក់ទំនង​វេណេស៊ុយអេឡា ក៏បង្ហាញផងដែរនូវខ្សែ​វីដេអូមួយ អំពីអនុប្រធាន​បក្សប្រឆាំងមួយ​រូបទៀត គឺលោក ចូអាន រីឃ្វិនសិន (Juan Requesens) បានរួមផ្សំគំនិតគ្នាជា​មួយនឹងលោក Borges ដោយមានការជួយ​ពីក្រុមប្រឆាំងនៅ​វេណេស៊ុយអេឡា​ផងដែរ។

ផ្អែកទៅលើ​ភស្តុតាងទាំងនេះ រដ្ឋាភិបាល​វេណេស៊ុយអេឡា បានស្នើ​ទៅប៉ូលិស Interpol ចេញដីកា​ចាប់ខ្លួន​លោក Borges ពីបរទេសត្រឡប់មកកាន់​វេណេស៊ុយអេឡាវិញ​ ដើម្បីប្រឈមមុខ​ផ្លូវច្បាប់៕