(តូក្យូ)៖ អាជ្ញាធរជប៉ុនបាន​បញ្ជាក់​ឲ្យដឹងថា មនុស្សជិះនៅ​លើឧទ្ធម្ភាគចក្រ​នៃរដ្ឋបាល​​ខេត្ត ហ្គាន់ម៉ា (Gunma) ទាំង​អស់ចំនួន ០៩នាក់ បានស្លាប់​បាត់បង់ជីវិត​នៅក្នុងករណីធ្លាក់​ ដែលកើត​ឡើងនៅតំបន់ភ្នំ​នៃខេត្តភាគ​កណ្តាលប្រទេស​នេះ តាំងតែពី​វេលាម៉ោង ១០៖០០នាទី​ព្រឹក​ ថ្ងៃសុក្រម្សិលមិញមកម្ល៉េះ​ ដោយកាលពី​ល្ងាចថ្ងៃដដែល​នោះ មាន​សេចក្តី​រាយការណ៍​ថា សាកសព​តែ ​០២នាក់ ប៉ុណ្ណោះទើបត្រូវបាន​ប្រទះឃើញ។ នេះបើតាម​​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

ប្រតិបត្តិការតាម​រកឧទ្ធម្ភាគចក្រខាងលើនេះ ឈានមកទល់នឹងព្រឹកថ្ងៃសៅរ៍នេះ គឺត្រូវបានចូលរួម​ដោយកងកម្លាំងស្វ័យការពារ​ជប៉ុនសរុប ១៦០នាក់ ហើយអាកាស​យានិក​ដែលបានទទួលមរណភាពក្នុង​ករណីធ្លាក់នេះ គឺមានឈ្មោះថា នូរីយូគិ អាម៉ាហ្គៃ អាយុ ៥៧ឆ្នាំ ដែលលោកត្រូវបានគេអះអាងថា ធ្លាប់មានបទពិសោធន៍​ហោះហើរជាយូរណាស់មក​ហើយ។

គួរបញ្ជាក់​តាម​សារព័ត៌មានក្នុងតំបន់​​ឲ្យដឹងថា ឧទ្ធម្ភាគចក្រ​មួយ​គ្រឿងប្រភេទ ​Bell 412EP ដែលត្រូវបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩៩៧ របស់រដ្ឋបាលខេត្ត Gunma ​បានបាត់ដំណឹង​​​​កាលពី​វេលា​ម៉ោង ១០៖០០នាទីព្រឹកថ្ងៃសុក្រ ​ម៉ោងនៅទីក្រុងតូក្យូ ហើយមូលហេតុ​​នៃការធ្លាក់នេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ពីសំណាក់អ្នកជំនាញខេត្ត៕