(វ៉ាស៊ីនតោន)៖ បើតាម​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាននៅ​សហរដ្ឋអាមេរិក យន្តហោះដឹកអ្នកដំណើរ​មួយគ្រឿង​​របស់​​​ក្រុមហ៊ុន​អាកាសចរណ៍ ហ៊ឺរ៉ាយហ្សូន អ៊ែរឡាញ (Horizon Airlines) បានធ្លាក់បន្ទាប់​ពីវាត្រូវបានគេលួច​បញ្ជាហោះឡើង ​ចេញពីអាកាស​យានដ្ឋាន សៀតថល តាកូម៉ា (Seattle-Tacoma) ដោយពុំមាន​ការអនុ​ញ្ញាត។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​សៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

បើតាម​អាជ្ញាធរអាកាសចរណ៍​សហព័ន្ធអាមេរិក យន្តហោះខាង​លើពុំមានអ្នកដំណើរ​នោះឡើយ ហើយវាត្រូវបានលួច​ដោយ​បុគ្គលិក​​ម្នាក់របស់អាកាសចរណ៍​មួយផ្សេង​ទៀត។ មុនពេលធ្លាក់​យន្តហោះនោះ បានធ្វើការហោះហើរ​លើផ្ទៃមេឃអស់​រាប់ម៉ោង ក្រោមការ​អម​ដំណើរពីកងយន្តហោះ​ចម្បាំង។ យន្តហោះរបស់​អាកាសចរណ៍ Horizon ដែលមានខ្នាតមធ្យម បុមបាឌា ដាស (Bombardier Dash 8-Q400) បានធ្លាក់នៅ​លើកោះ​ខេត្រុន (Ketron) ដែលជាដែនកោះ​តូចមួយ មាន​មនុស្សរស់នៅ​តែ​ប៉ុន្មានគ្រួសារ​ប៉ុណ្ណោះ​នៅ​ក្នុងរដ្ឋវ៉ាស៊ីនតោន នៃភាគខាងលិចសហរដ្ឋអាមេរិក។

គួរជម្រាបថា ជនដែលបាន​លួចយន្តហោះ​ខាងលើ​ត្រូវគេបញ្ជាក់ថា មានវ័យ ២៩ឆ្នាំ និងត្រូវគេចាត់ទុកថា ជនមនុស្សដែល​មានអារម្មណ៍​​ផ្លូវចិត្តខ្លាំង និងតែងចង់បញ្ចប់​ជីវិតខ្លួនឯង ហើយករណីនេះ​ត្រូវបានអាជ្ញាធរ​អាមេរិក បញ្ជាក់ច្បាស់ថា ពុំមានជាសកម្មភាព​ភេរវកម្ម​នោះ​ឡើយ ហើយការធ្លាក់របស់​យន្តហោះ ពុំមានជាប់ពាក់ព័ន្ធ​នឹងកងយន្តហោះចម្បាំង ដែល​អមដំណើរ​នោះទេ៕