(ពិភពលោក)៖ បន្ទាប់ពីអាមេរិក​សម្រេចអនុវត្ត​ន៍ ការដំឡើងពន្ធគយ ២៥ភាគរយ លើផលិតផល​នាំចូលពីប្រទេសចិន ដែលមាន​តម្លៃ ៣៤ពាន់លានដុល្លារ​ កាលពីថ្ងៃទី០៦ ខែកក្កដា​កន្លងទៅនេះ ការិយាល័យតំណាង​ពាណិជ្ជកម្មអាមេរិក បានប្រកាស​នៅថ្ងៃទី៧ ខែសីហា​កន្លងទៅនេះថា ខ្លួននឹងបន្ថែមពន្ធ ២៥ភាគរយ​លើទំនិញចិន ដែលមាន​តម្លៃជាប្រាក់ ១៦ពាន់លានដុល្លារផ្សេង​បន្ថែមទៀត ដោយគ្រោង​នឹងអនុវត្តន៍នៅ​ថ្ងៃទី២៣ ខែសីហា​ខាងមុខ។

ហេតុផលមួយ​ដែលជម្រុញ​ឱ្យអាមេរិក ឈានដល់ការបង្កាត់​ភ្លើងសង្គ្រាមពាណិជ្ជកម្ម កាន់តែធំឡើងដោយយោង​លើពាក្យថា «បញ្ហាសន្តិសុខជាតិអាមេរិក»។ ក្នុងគោលដៅ​ដើម្បីជួយសកម្មភាព​ពាណិជ្ជកម្ម ការធ្វើឱ្យរស់​ឡើងវិញនូវសកម្មភាព​ឧស្សាហកម្មក្នុងស្រុក និងដើម្បីបង្កើត​ការងារបន្ថែមទៀត​សម្រាប់ប្រជាជន​របស់ខ្លួន អាមេរិកបាន​ចាត់វិធានការណ៍​សំខាន់ៗ​មួយចំនួន ក្នុងនោះរួមទាំង​ការដំឡើងពន្ធលើការនាំចូលពីប្រទេសចិន​ផងដែរ ប៉ុន្តែលទ្ធផលគឺ​លើសពី​ការគិត។

ជាក់ស្តែង​ការដាក់បញ្ចូល​ក្នុងបញ្ជី នៃការនាំចូលទំនិញ​ពីចិនក្នុងទឹកប្រាក់ចំនួន ១៦ពាន់លានដុល្លារ ជាឧទាហរណ៍​ដ៏ច្បាស់មួយក្នុងចំណោម​បញ្ហាផ្សេងទៀត។ ក្នុងពេលនោះ​ការិយាល័យតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បានធ្វើការ​កោះប្រជុំ ដើម្បីសម្រេច​ថា តើត្រូវគួរតែដំឡើងពន្ធលើការនាំ​ចូលនេះ ឬអត់? ក្នុងនោះ​ប្រតិភូសរុប​ចំនួន ៨២រូប មកពីផ្នែក​ឧស្សាហកម្ម គីមី អេឡិចត្រូនិក និងឧស្សាហកម្ម​កាំរស្មីអ៊ិច​បានបញ្ចេញ​យោបល់។

ពួកគេបាន​សម្តែងការព្រួយបារម្ភ​ថា ការដំឡើង​ពន្ធខ្ពស់នេះប្រៀបបាននឹងបង្កើនការ​ចំណាយ និងបង្កផលប៉ះពាល់​ដល់សហគ្រាស ជាលទ្ធផល​អាចវាបណ្តាល​ឱ្យមនុស្ស កាន់តែបាត់បង់​ការងារធ្វើ ធ្វើឱ្យខូចខាតដល់​សេដ្ឋកិច្ចអាមេរិក កាត់បន្ថយការ​ប្រកួតប្រជែងក្នុងឧស្សាហកម្ម​អាមេរិក ហើយថែមទាំងរុញច្រាន​ឱ្យសហគ្រាស​ធុនតូច និងមធ្យមខ្លះ​ឈានដល់​ការបិទទ្វារផងដែរ។ នៅទីបញ្ចប់​នៃការប្រជុំនេះ មានអ្នកតំណាង​ចំនួន ០៦រូប ដែលស្មើនឹង ០៧ភាគរយ​នៃអ្នកចូលរួមតែ​ប៉ុណ្ណោះ បានយល់ព្រម​លើការកំណត់ពន្ធគយ​ខាងលើនេះ។

ទោះបីប្រឈម​នឹងការខ្វែងគំនិតគ្នា រួមទាំងការប្រឆាំង​យ៉ាងខ្លាំងក្លាពីសំណាក់​ក្រុមហ៊ុន និងសមាគម​ឧស្សាហកម្មអាមេរិកក្តី រដ្ឋាភិបាល​អាមេរិកនៅតែសម្រេច​ចិត្តក្នុងការដំឡើងពន្ធ លើផលិតផល​នាំចូលពីប្រទេស​ចិន ដែលមាន​តម្លៃស្មើនឹង​ប្រមាណ ១៦ពាន់លានដុល្លារ។ វាហាក់ឆ្លុះ​បញ្ចាំងឱ្យ​ឃើញថា ការកោះប្រជុំពាក់ព័ន្ធ​នឹងសង្រ្គាម​ពាណិជ្ជកម្មនេះ គឺគ្រាន់តែជាដំណើរការ​មួយ​ដើម្បីបង្ហាញឱ្យមានភាព​ស្របច្បាប់​ តែសម្បកក្រៅតែ​ប៉ុណ្ណោះ បើទោះបីរង​ការជំទាស់ដ៏ច្រើន​លើសលប់ តែរដ្ឋាភិបាល​អាមេរិក​នៅតែអាចសម្រេច ពីសំណាក់អ្នក​នយោបាយមួយ​ក្តាប់តូច​បាន។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន បាននិយាយកាល​ពីថ្ងៃពុធកន្លងទៅនេះ​ថា អាមេរិកកំពុង​ប្រើប្រាស់ច្បាប់ក្នុង​ស្រុក ដើម្បីលុបបំបាត់ច្បាប់​អន្តរជាតិ ដែលនេះជាការ​អនុវត្តមិនសមហេតុសមផល​ទាល់តែសោះ។ ដើម្បីការពារសិទ្ធិ ផលប្រយោជន៍​ស្របច្បាប់ និងប្រព័ន្ធពាណិជ្ជកម្ម​ពហុភាគីរបស់ខ្លួន ប្រទេសចិនមាន​កាតព្វកិច្ច ចាត់​វិធានការណ៍ចាំបាច់ដើម្បីប្រឆាំង​ទប់ទល់ ព្រមទាំងដំឡើងពន្ធ ២៥ភាគរយ លើទំនិញអាមេរិក​ដែលមានតម្លៃ​ជាទឹកប្រាក់ ១៦ពាន់លានដុល្លារ​អាមេរិក ដើម្បីជា​ការសងសឹក ដូចអ្វីដែលសហរដ្ឋអាមេរិក​បានធ្វើចំពោះ​ខ្លួន។

ការឆ្លើយតបរបស់ចិន គឺមានលក្ខណៈងាយៗ ច្បាស់លាស់ សមហេតុផល និង​អត់ធ្មត់។ ក្នុងរយៈពេលបួន​ខែនៃការប្រឈមមុខ​ដាក់គ្នា ប្រទេសចិន​កាន់តែយល់​ច្បាស់អំពីមធ្យោបាយ​ នៃការគំរាមកំហែង​របស់ភាគី​អាមេរិក។ ជាជាងបង្ហាញភាពភ្ញាក់ផ្អើល ដោយសារសម្ពាធជា​បន្តបន្ទាប់ពី​សហរដ្ឋអាមេរិក ប្រទេសចិន​បានត្រៀមរៀបចំ​ខ្លួនបាន​យ៉ាងល្អ។

ជាក់ស្តែងក្នុង​ពេលប្រឈមមុខ​នឹងការរីករាលឥតឈប់ឈរ​ នៃសង្គ្រាមពាណិជ្ជកម្ម ប្រទេសចិន​បានអនុម័តនូវ​គោលការណ៍មួយគឺ «ខ្ញុំមិនចង់​ប្រយុទ្ធទេ ខ្ញុំមិនខ្លាចក្នុង​ការប្រយុទ្ធទេ ប៉ុន្តែខ្ញុំនឹងប្រយុទ្ធ​ប្រសិនបើ​ចាំបាច់»។ ការចាត់​វិធានការណ៍​របស់ចិនគឺ សំដៅធ្វើកំណែទម្រង់​ឱ្យកាន់តែ​ស៊ីជម្រៅ បើកទូលាយ និងធ្វើឱ្យបានល្អ​នៅក្នុងកិច្ចការ​របស់​ខ្លួន។ សម្រាប់មន្ត្រី​រដ្ឋាភិបាល​អាមេរិក ការដាក់ពន្ធ​បន្ថែម មានគោលបំណង​ទប់ស្កាត់​ការអភិវឌ្ឍ​​របស់ប្រទេស​ចិន និងដើម្បីសម្រេច​បាននូវគោលដៅ «អាមេរិកទី១» ផងដែរ។

កាសែតញូយ៉កថែមស៍ បានរាយការណ៍​ឱ្យដឹងថា ចាប់តាំងពី​ខែឧសភាមក ក្រសួងពាណិជ្ជកម្ម​អាមេរិក ទទួលបាន​លិខិតចំនួន ២០ពាន់ច្បាប់​ពីក្រុមហ៊ុន ដែលស្នើសុំការលើកលែង​ពន្ធ​ដែកថែប​ សម្រាប់ផលិតផល​របស់ពួកគេ ប៉ុន្តែក្នុង​ចំណោម​នោះ មិនទាន់មានអ្នក​ណាមួយទទួលបាន​តាមការស្នើ​សុំនេះ​ទេ។

ក្រុមហ៊ុនផលិតដែកថែប​ធំបំផុតពីររបស់អាមេរិក បានជួយដល់​រដ្ឋាភិបាលយ៉ាង​ជោគជ័យ ក្នុងការប្រឆាំង​សំណើសុំកាត់បន្ថយពន្ធ​ពីសំណាក់ក្រុមហ៊ុន​អាមេរិក ដែលទិញដែកថែប​ពីបរទេស​ដោយអះអាង​ថា ការយកពន្ធគយ​នេះដើម្បីការពារ​សន្តិសុខជាតិ និងជំរុញ​ការផលិតដែកថែប​ក្នុងស្រុក។

របាយការណ៍មួយ​បានចង្អុល​បង្ហាញថា មន្រ្តីកំពូលៗ​មួយចំនួន នៃរបស់រដ្ឋាភិបាល​លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មានទំនាក់ទំនង​យ៉ាងស៊ីជម្រៅ​ ជាមួយនឹងរោងចក្រ​ឧស្សាហកម្មដែកថែប​ក្នុងស្រុក។ ក្នុងនោះមាន​លោក វ៉ាលប៊ឺរ រ៉ូសស៍ (Wilbur Ross) ជាដើម លោកជា​រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម បានទិញ និងដំណើរការ​ក្រុមហ៊ុនដែកថែបមួយ​ចំនួន ដែលក្រោយមកគាត់បាន​លក់ចេញដោយយក​ផលចំណេញ។

ដោយឡែក​លោក រ៉ូប៊ឺត ឡៃធីស៊ឺ (Robert Lighthizer) តំណាងពាណិជ្ជកម្ម​អាមេរិក និងជាតំណាង​ឱ្យក្រុមហ៊ុនផលិត​ដែកថែបអាមេរិក និងក្រុមហ៊ុន​ផលិតដែកថែប​ដទៃទៀតបានបកស្រាយពីបញ្ហានេះ។ ក្រុមហ៊ុនផលិតដែកថែប​ធំទី ២ របស់​អាមេរិក មានឈ្មោះថា នូខ័រ (Nucor) បានចំណាយប្រាក់​មួយលានដុល្លារ ដើម្បីផ្តល់មូលនិធិ​ដល់ការផលិតឯកសារ​ខ្មៅងងឹតមួយ ដែលមានឈ្មោះថា «Death by China» ជាឯកសារ​ផលិតឡើង​ដោយលោក ភីធឺ ណាវ៉ារ៉ូ (Peter Navarro) ដែលបច្ចុប្បន្នជាប្រធាន​ក្រុមប្រឹក្សាពាណិជ្ជកម្ម​ជាតិ ប្រចាំ​សេតវិមាន​អាមេរិក។

តើការបង្កើនពន្ធ​បន្ថែមលើការនាំចូល ពិតជាអាចការពារ​សន្តិសុខជាតិអាមេរិក​ពិតប្រាកដ ឬទេ? រហូតមកទល់​ពេលនេះ មន្រ្តីរដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ប្រហែលជានៅតែមិន​ដឹងច្បាស់នៅ​ឡើយ ប៉ុន្ដែរឿងមួយ​ដែលពួកគេ​ជឿជាក់ គឺបង្កើនពន្ធ​បន្ថែម នឹងផ្តល់ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ជាជាង​ប្រយោជន៍​ជាតិ។ ក្រោមហេតុ​ផលបែបនេះ មន្ត្រីទាំងនោះ​សុខចិត្តបិទភ្នែក​មិនមើលពីការឈឺចាប់​ នៃបណ្ដា​សហគ្រាស និងអ្នកប្រើប្រាស់​អាមេរិកដូចគ្នា​នោះ​ឡើយ។

នៅប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ មានរឿងអាក្រក់មួយ​បានកើតឡើងនៅ​សហរដ្ឋអាមេរិក។ ក្រុមហ៊ុន Element Electronics បាន​ប្រកាសកាលពីថ្ងៃទី០៦ ខែសីហាកន្លង​ទៅនេះថា ខ្លួននឹងបិទទ្វាររោងចក្ររបស់​ខ្លួននៅរដ្ឋ South Carolina ព្រមទាំង​បញ្ឈប់ពលករ ១២៦នាក់ ក្នុងចំណោម ១៣៤នាក់ ចេញពី​ការងារ។ ក្រុមហ៊ុននេះ​បានដាក់បន្ទុក​បញ្ហានេះ ទៅលើការដំឡើងពន្ធនាំចូល​ផលិតផលចិន ជាពិសេស​ការបន្ថែមពន្ធគយ​ លើវត្ថុធាតុសំខាន់​សម្រាប់ការដំឡើងទូរទស្សន៍។ ការសម្រេច​ចិត្តបិទទ្វារនេះ ដោយសារពន្ធ​បានបង្កើន​ការចំណាយ​របស់ខ្លួន ក្នុងសង្វាក់​នៃការផលិត​របស់ខ្លួន។

ចំណែក​វិទ្យាស្ថាន Peterson ដើម្បីសេដ្ឋកិច្ច​អន្តរជាតិ​បានប៉ាន់ប្រមាណថា មានពលករអាមេរិក​ចំនួន ១៩៥ពាន់នាក់ អាចនឹង​បាត់បង់ការងារធ្វើ​​ក្នុងរយៈពេល ០៣ឆ្នាំខាងមុខ ប្រសិនបើការ​យកពន្ធគយ ២៥ភាគរយ​ របស់សហរដ្ឋអាមេរិក លើការនាំចូលរថយន្តទូទាំង​ពិភពលោក ត្រូវបានចូលជា​ធរមាន។ កាន់តែធ្ងន់ធ្ងរ​ជាងនេះទៅទៀត​នោះ ប្រសិនបើបណ្តា​ប្រទេសផ្សេងទៀត សងសឹក​អាមេរិក ហើយដំឡើងពន្ធលើផលិតផលស្រដៀង​គ្នានោះ អាមេរិកនឹងបាត់បង់​ចំនួនការងាររហូត​ដល់ ៦២៤ពាន់កន្លែង។

ជាមួយគ្នា​នេះដែរ​ការសិក្សាមួយរបស់​ធនាគារ Atlanta កាលពីថ្ងៃទី០៧ ខែសីហា​កន្លងទៅនេះ​បានចង្អុល​បង្ហាញថា ការដំឡើងពន្ធនេះនឹងនាំឱ្យក្រុមហ៊ុន​ពាណិជ្ជកម្មអាមេរិកប្រមាណ ១ ភាគ ៥ ចាំបាច់ត្រូវ​ពិនិត្យមើល ផ្អាក ឬអាចឈាន​ដល់ការលុបចោល ​ផែនការចំណាយដើមទុន​របស់ខ្លួន។ ការសិក្សាបានគូសបញ្ជាក់ថា ផលប៉ះពាល់​អវិជ្ជមាននាពេលបច្ចុប្បន្ន​ ដែលបណ្តាលមក​ពីសង្គ្រាម​ពាណិជ្ជកម្ម ធ្លាក់ទៅលើ​ការវិនិយោគ ជាពិសេស​វិស័យឧស្សាហកម្ម ប៉ុន្តែផលប៉ះពាល់​អាចរីករាលដាល​បន្ថែមបាន​យ៉ាងងាយ ប្រសិនបើភាពតាន​តឹងបន្តកើន​ឡើង។

ជាងនេះទៅ​ទៀតនោះ ដោយសារតែសង្គ្រាម​ពាណិជ្ជកម្មផលិតផលទឹកដោះគោ​ពីសហរដ្ឋអាមេរិក ដែលជាផលិតផលដែលពឹងផ្អែក​ខ្លាំង លើទីផ្សារ​នៅក្រៅប្រទេស​នោះ ក៏កំពុងរងការធ្លាក់​ថ្លៃជាខ្លាំង។ អ្នក​នាង សារ៉ាហ៍ ឡយដ៍ (Sarah Lloyd) ជាកសិករផលិតទឹក​ដោះគោ​មកពីរដ្ឋ វិសខុនសិន (Wisconsin) សហរដ្ឋអាមេរិក​បានប្រាប់​សារព័ត៌មាន​ថា គ្រួសាររបស់​នាង​មានកសិដ្ឋាន​ច្របាច់ទឹកដោះគោ ដែលមាន​ប្រវត្តិ​ប្រហែល ១០០ឆ្នាំមកហើយនោះ បច្ចុប្បន្នកំពុង​រងការខាតបង់ប្រាក់​ប្រមាណ ០៣ម៉ឺនដុល្លារ ជារៀងរាល់ខែ។ នាងបាននិយាយថា ប្រសិនបើពួកគេ​មិនអាចមើលឃើញ​ពន្លឺអ្វីក្នុងពេលឆាប់ៗ​ខាងមុខនេះទេ នាងមិនអាច​ស្រមៃបានទេថា តើនាងអាចបន្ត​អាជីវកម្មនេះ​ទៅឆ្នាំក្រោយ​ទៀត ដោយរបៀបណា​នោះឡើយ។

ទីផ្សារទំនិញ​ផលិតផលក្នុង​ស្រុក​របស់សហរដ្ឋអាមេរិក រាប់ចាប់តំាងពី​ក្រុមហ៊ុនកូកាកូឡា​ រហូតដល់យានជំនិះផ្សេងៗ កំពុងទទួលរង​ឥទ្ធិពលនៃរលកតម្លៃ​ហក់ឡើងខ្ពស់ ក្រោម​ស្រមោល​នៃពាក្យដែលមួយគេ​និយាយថា ដើម្បី «សន្តិសុខជាតិអាមេរិក» ដ៏ក្លែង​ក្លាយ។

ភ្លាមៗបន្ទាប់​ពីភាគី​អាមេរិក បានប្រកាសការ​សម្រេចយកពន្ធ​គយ ២៥ភាគរយ លើការនាំ​ចូលទំនិញ​ពីប្រទេសចិន ដែលមាន​តម្លៃស្មើនឹង ១៦ពាន់លានដុល្លារអាមេរិក មតិខ្លះបាន​ចង្អុលបង្ហាញថា វិធានការណ៍​នេះស្មើនឹងការដំឡើងថ្លៃ ២៥ភាគរយ លើការចំណាយ​សម្រាប់អតិថិជន​អាមេរិក ដែលជាបន្ទុកមួយ​ធ្លាក់ទៅលើគ្រួសារ​ ដែលមានប្រាក់​ចំណូលទាប ដោយសារតែ​ពួកគេនិយមប្រើប្រាស់​ផលិតផលចិន ជាងផលិតផល​នៃប្រទេស​ផ្សេង​ទៀត។

រដ្ឋាភិបាលសហរដ្ឋអាមេរិក​កំពុងប្រើប្រាស់ពន្ធជា​ដំបងធំ​ ដែលមិនត្រឹមសំពង​ទៅលើ​ប្រទេសចិន​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​បង្កគ្រោះថ្នាក់ដល់​ប្រទេស និងប្រជាជន​អាមេរិកខ្លួនឯង​ផងដែរ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា
ប្រភព៖ វែបសាយ CGTN