(អាមេរិក)៖ ទីបំផុត​យានអវកាស​ឈ្មោះថា Solar Parker របស់ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ត្រូវបានផ្អាកការ​បាញ់​បង្ហោះ​ឡើងទៅកាន់​ទីអវកាសភ្លាមៗ តែប៉ុន្មាន​នាទីប៉ុណ្ណោះ មុនពេលដែលវាត្រូវចុចប៊ូតុង​ឲ្យហោះចេញ ដោយសារ​តែបញ្ហាមួយចំនួនលេចឡើង។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មានចិន CGTN នៅ​រសៀលថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨។

នាវេលាម៉ោង​ ០៣៖០០នាទី​រសៀលនេះ ដែលត្រូវនឹងម៉ោង ៤៖០០នាទី​រំលងអាធ្រាត​ថ្ងៃសៅរ៍ (ពេលវេលានៅ​ភាគខាងកើត​អាមេរិក) យាន​អវកាស Solar Parker ត្រូវបានគេរំពឹងថាបាញ់​បង្ហោះឡើងទៅលើ​មេឃ តាមរយៈ​គ្រាប់រ៉ុក្កែត​ខ្នាតធំ Delta IV របស់​​ក្រុមហ៊ុន​អវកាស United Launch Alliance ចេញពី​រដ្ឋផ្លូរីដា ភាគអាគ្នេយ៍​នៃសហរដ្ឋអាមេរិក ប៉ុន្តែដោយសារតែ​មានការហួស​ពេលវេលាតែបន្តិច នៃពេលដែល​ត្រូវកំណត់​ឲ្យបាញ់វាចេញនោះ ទើបយានត្រូវផ្អាកការបាញ់​តែម្តង​ដើម្បីសុវត្ថិភាព ខណៈពេលវេលាត្រូវបាញ់ម្តងទៀត មិនទាន់មាន​ការកំណត់ឡើយ។

គួរជម្រាបថា យាន Praker Solar Probe មានតម្លៃ ១.៥ពាន់លានដុល្លារ ដែលនឹងធ្វើដំណើរ​ទៅឆ្លងកាត់​តំបន់​គេហៅថា Corona ដែល​ជា​ស្រទាប់បរិយាកាស​ផ្នែកខាងក្រៅរបស់​ព្រះអាទិត្យ ហើយវានឹងជា​បេសកកម្ម​​លើកដំបូង​បំផុត​ស្តីពីការបញ្ជូនយាន​អវកាស ឲ្យទៅធ្វើ​ការសិក្សាស្រាវជ្រាវ​នៅកៀក​ព្រះអាទិត្យ។

ប្រសិនបើអ្វីៗ​ប្រព្រឹត្តទៅតាម​ការគ្រោងទុក យានអវកាស​នេះ​នឹងធ្វើការ​ហោះឆ្វែល Flyby យ៉ាងកៀកចំនួន ២៤លើក​ ជុំវិញព្រះអាទិត្យ​សម្រាប់អំឡុងពេល ០៧ឆ្នាំខាងមុខ ក្នុង​ចម្ងាយ​ត្រឹម ​៦.២លានគីឡូម៉ែត្រ​ប៉ុណ្ណោះ ពីផ្ទៃ​នៃដុំបាល់ភ្លើង​​ដ៏មហិមានេះ ដែល​ចម្ងាយនេះ​គឺ​កៀក​ជាងគ្រឿង​យន្តអវកាស​នានា ដែល​ធ្លាប់បាន​មក​ក្បែរ​ព្រះអាទិត្យដល់ទៅ ០៧ដង។

ហេតុដូច្នេះហើយ យាន​អវកាស Parker Solar Probe ត្រូវហ៊ុមព័ទ្ធដោយ​​​ខែលពិសេស​មានកម្រាស់ ១១.៤សង់ទីម៉ែត្រ ដែល​នឹង​​ការ​ពារ​យាន ពីកម្រិតវិទ្យុសកម្ម​ដែលខ្លាំងជាង​អ្វីយើងធ្លាប់ទទួល​រង នៅលើ​ផែនដីដល់ទៅ ៤៧៥ដង និងសីតុណ្ហភាព​ដែល​អាច​កើន​​ដល់ ​១,៣៧០អង្សាសេបាន។ ម៉្យាងវិញទៀត ឧបករណ៍​នានា នៅលើ Parker Solar Probe នឹងអាចធ្វើប្រតិបត្តិការ​តាមធម្មតាបាន នៅ​ក្នុង​លក្ខខណ្ឌ​​ដ៏លំបាកក្បែរ​ព្រះអាទិត្យ៕