(វ៉ាស៊ីនតោន)៖ លទ្ធផលនៃការប្រឆាំង និងរិះគន់ខ្លាំងពេកទៅលើគោលនយោបាយរបស់​លោក ដូណាល់ ត្រាំ នោះគណនី Twitter សរុបចំនួន ៤១ ត្រូវបានលោក ត្រាំ ផ្ទាល់បិទចោល (Blocked) ដើម្បីកុំឲ្យពួកគេមានឱកាសរិះគន់លោកបានទៀត ដែលវាមិនខុសពីអ្នកប្រើប្រាស់បណ្តាញសង្គមទូទៅមួយចំនួន ប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួន​ក្នុងការបិទគណនី ដែលគេគិតថាមិនចូលចិត្ត ឬប៉ះពាល់អារម្មណ៍របស់ពួកគេនោះឡើយ ប៉ុន្តែសូមមើលថា លោក ត្រាំ ជាប្រធានាធិបតីនៃមហាអំណាចលទ្ធិប្រជាធិបតេយ្យ និងតែលោកស្ទួយសេរីភាពនៃការបញ្ចេញមតិមួយទាំងមូល, តើការសងសឹកអ្នកប្រឆាំង​ដោយទង្វើជនសាមញ្ញធម្មតាបែបនេះ វាសាកសមដែរ ឬទេ?

ហេតុដូច្នេះហើយបាន​ជាការប្រឆាំងតវ៉ា ទាំងក្នុង​បណ្តាញសង្គម សារព័ត៌មាន និងក្រុមអ្នកច្បាប់​នានាបានផ្ទុះឡើង ដើម្បីបង្ហាញថា ជាមេដឹកនាំ​សហរដ្ឋអាមេរិក​ដ៏ធំមហិមា និងជាគំរូ​របស់អន្តរជាតិនោះ លោក ត្រាំ មិនអាចបិទ​មិនឲ្យនរណា​រិះគន់ និងប្រឆាំង​គោល​នយោបាយរបស់លោកឡើយ នៅគ្រប់ទម្រង់​ទាំងអស់ ជាពិសេសគឺនៅលើ​​បណ្តាញសង្គម Twitter ដែលលោក​ផ្ទាល់កំពុងតែប្រើប្រាស់​ជាផ្លូវការ។

សកម្មជនតស៊ូ​សិទ្ធិ​បញ្ចេញមតិ​មួយក្រុមនៅអាមេរិក បានទាមទារឲ្យ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បើកឲ្យ​​អ្នក​ប្រើប្រាស់ Twitter ចំនួន ៤១គណនី អាចចូល​បញ្ចេញមតិ (Comment) នៅក្នុងគណនីផ្លូវការ​របស់លោកឡើងវិញ ក្រោយកាលពី​​ខែ​​ឧសភាកន្លងទៅ ចៅក្រមសហព័ន្ធ​មួយរូប បានបង្គាប់ឲ្យ​​​​​លោក​ប្រធានាធិបតី​អាមេរិក Unblock ​ក្រុមអ្នក​ប្រើប្រាស់ Twitter ដែលបាន​ដាក់ពាក្យបណ្តឹង​ជុំវិញរឿងនេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាច​ថ្ងៃ​​សៅរ៍ ទី១១​ ខែសីហា ឆ្នាំ២០១៨។

កាលពីថ្ងៃទី២៣ ខែឧសភា ចៅក្រមសហព័ន្ធអាមេរិក​លោកស្រី ណាវមី រ៉ៃស៍ (Naomi Reice Buchwald) ក្នុងសង្កាត់ មែនហាតធិន (Manhattan) នៃទីក្រុងញូយ៉ក​បាន​សម្រេចថា ការបញ្ចេញមតិ​ទាំងឡាយ​នៅក្នុងគណនី Twitter របស់​លោក ដូណាល់ ត្រាំ ក៏ដូចជារបស់មន្រ្តី​រដ្ឋាភិបាលដទៃ​ទៀត គឺជា​វេទិកាបញ្ចេញ​មតិ​​​សាធារណៈ ហើយការរារាំង​អ្នកប្រើប្រាស់បណ្តាញ​ទំនាក់ទំនង​សង្គមនេះ មិនឲ្យបង្ហាញ​ទស្សនរបស់ពួកគេ​នោះ គឺ​ជា​ការរំលោភទាំងស្រុង​ទៅលើសិទ្ធិ​នៃការបញ្ចេញមតិ​​របស់ពួកគេ នៅក្រោម​ច្បាប់​ចម្បង​ទីមួយ (First Amendment) នៃរដ្ឋធម្មនុញ្ញ​​អាមេរិក។​

ក្រុមសកម្មជន​នៃវិទ្យាស្ថាន Knight First Amendment Institute នៃសាកល​វិទ្យាល័យ Columbia បានផ្ញើ​​ពាក្យបណ្តឹង​ដែលមានភ្ជាប់​នូវ​បញ្ចីឈ្មោះ​នៃគណនីចំនួន ៤១ ដែលនៅ​តែបន្ត Block ដោយ​​​គណនី Twitter ផ្លូវការរបស់​លោក ត្រាំ ឈ្មោះថា @RealDonaldTrump ទៅកាន់ក្រសួង​យុត្តិធម៌អាមេរិក។ ដោយឡែក គណនីរបស់អ្នក​ប្រើប្រាស់ ០៧នាក់ ដែលបានដាក់ពាក្យបណ្តឹង​ជុំវិញបញ្ហានេះ ត្រូវបាន​​បើក (Unblock) ឡើងវិញកាលពី​ខែមិថុនា។ សម្រាប់ការ Block អ្នកប្រើ​ប្រាស់នេះ លោក ត្រាំ ត្រូវក្រុមសកម្ម​ជនចោទប្រកាន់ថា ធ្វើ​ឡើង​ដោយ​សារ​តែ​ពួកគេទាំងនោះ បានបញ្ចេញមតិរិះគន់​​​ចំពោះលោក ត្រាំ ផ្ទាល់ ឬក៏ចំពោះគោលនយោបាយ​របស់លោក។

គួរជម្រាបថា គណនី Twitter របស់លោក ដូណាល់ ត្រាំ មានអ្នកចាំ​តាមដាន (Follower) ប្រមាណ ៥៣.៧លាននាក់ ហើយលោក​បាន​ប្រើប្រាស់​បណ្តាញសង្គមនេះ ដើម្បីលើកស្ទួយ​គោលដៅ និងប្រកាសគោល​នយោបាយ ព្រមទាំង​វាយ​ប្រហារ​ទៅលើក្រុម​អ្នក​រិះគន់​ជាដើម៕