(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានអះអាងថា គ្មានឡើយជំនួបជាមួយក្រុមមន្ត្រីអាមេរិក រួមទាំងសមាភាគីអាមេរិករបស់លោក គឺលោក ម៉ៃក៍ ប៉ុមប៉េអូ នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅខែកញ្ញាខាង មុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN​ នៅថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨។

លោក Zarif ធ្វើការកត់សម្គាល់បែបនេះ ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងជំនួបជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកលោក មៃក៍ ប៉ុមប៉េអូ នៅអំឡុងពេលលោកចូលរួមកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ។ លោក Zarif បាន
បញ្ជាក់ដូច្នេះថា៖«គ្មានឡើយជំនួបជាមួយក្រុមមន្ត្រីអាមេរិក រួមទាំងលោក ប៉ុមប៉េអូ នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជា ជាតិ ហើយយើងក៏បានបញ្ជាក់គោលជំហរនេះជាច្រើនដងរួចហើយដែរ»

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រូហានី ក៏នឹង មានវត្តមាននៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅឯទីក្រុងញូយ៉ក នៅខែកញ្ញាមុខនេះដែរ។ ប៉ុន្តែលោកបញ្ជាក់ ថាលោក រូហានី គ្មានគំរោងជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំឡើយ៕