(ដាម៉ាស់)៖ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA ច្រកព្រំដែន​រវាងប្រទេសស៊ីរីនិង​ហ៊្សកដានី Nasib ដែល​កង​ទ័ពស៊ីរី ទើបដណ្តើមបានពីក្រុមឧទ្ទាមមកវិញថ្មីៗនេះ គឺអាចរង់ចាំទទួល​ជនភៀស​ខ្លួនស៊ីរីនៅហ៊្សកដានី ដែលអន្ទះសារចង់វិលត្រឡប់​មក​​ប្រទេសកំណើតវិញបានហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មាន SANA បានឲ្យដឹងថា តំបន់ព្រំដែន Nasib (ណាស៊ីប) ដែលកងទ័ពស៊ីរីដណ្តើមយក​ពី​ក្រុម​ឧទ្ទាម​ប្រឆាំងរដ្ឋាភិបាល មក​កាន់​​កាប់​វិញ​កាលពីខែកក្កដា នៅខេត្តដារ៉ា (Daraa) ភាគខាងត្បូងប្រទេសនោះ បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីរង់ចាំ​ទទួល​ស្វាគមន៍ ជនភៀសខ្លួនស៊ីរី ធ្វើមាតុភូមិនិវត្តន៍​​ពីហ៊្សកដានីមកវិញ ដែលបច្ចុប្បន្នជាទីជ្រកកោណនៃ​ជនជាតិស៊ីរី​ប្រមាណ១.៤លាន​នាក់​។​

គួរជម្រាបថា យ៉ាងណាមិញ សេចក្តីរាយការណ៍ខាងលើ ពុំបានបញ្ជាក់ច្បាស់​ពី​ព័ត៌មានលម្អិតថាតើ ច្រកព្រំដែនខាងលើអាចនឹងត្រូវ​បើកឡើងវិញនាពេលណាឲ្យប្រាកដឡើយ។ Nasib ជាច្រកព្រំដែនផ្លូវការតែមួយគត់​រវាងស៊ីរី និង​ហ៊្សកដានី ហើយវាត្រូវបានបិទទ្វារ​​​រហូតមកចាប់តាំងតែពី​ក្រុមឧទ្ទាមបានចូលកាន់កាប់កាលពីឆ្នាំ២០១៥៕