(អ៊ីតាលី)៖ មនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងជាច្រើននាក់រងរបួស នៅក្នុងហេតុការណ៍ បាក់ស្ពានមួយកន្លែងស្ថិតនៅភាគខាងជើងទីក្រុង Genoa ប្រទេសអ៊ីតាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីតាលី បានហៅគ្រោះថ្នាក់នេះថាជាសោកនាដកម្មមួយ ខណៈចំនួនអ្នកស្លាប់អាចកើន ដោយសារតែរថយន្ដជាច្រើនគ្រឿងកំពុងជាប់នៅក្រោមគំនរស្ពានបាក់បែក។ ហេតុការណ៍បាក់ស្ពាននេះបានកើតឡើងនៅម៉ោង ១១៖៣០នាទីព្រឹក ថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់) និងចំពេលភ្លៀងកំពុងធ្លាក់ខ្លាំង។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ស្ពានខាងលើត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៦០មកម្លេះ ហើយវាត្រូវបានជួស ជុលកែលម្អកាលពីឆ្នាំ២០១៦៕