(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក ត្រូវបានគេរំពឹងថានឹងចំណាយប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងការអភិវឌ្ឍប្រព័ន្ធ មីស៊ីលការពារដែនអាកាស ក្រោមក្របខណ្ឌនៃកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ដើម្បីទប់ស្កាត់ការវាយប្រហារដោយគ្រាប់មីស៊ីល ជាយថាហេតុណាមួយពីសំណាក់អ៊ីរ៉ង់ ឬក៏កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨។

កញ្ចប់ថវិកាយោធា៧១៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៩ ដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ក្នុងនោះមាន១០ពាន់លានដុល្លារ នឹងត្រូវផ្ដល់ឱ្យទីភ្នាក់ងារមីស៊ីលអាមេរិក ក្នុងគោលដៅយកទៅ អភិវឌ្ឍប្រព័ន្ធរ៉ាដា និងប្រព័ន្ធមីស៊ីលការពារដែនអាកាសបន្ថែម ទុកសម្រាប់ទប់ស្កាត់ការគំរាមកំហែងដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់ ឬកូរ៉េខាងជើង។

ប៉ុន្តែ ការអនុម័តកញ្ចប់ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានធ្វើឡើងនៅចំពេលស្ថានភាពនៅលើឧបទ្វីបកូរ៉េកំពុងមានភាព ស្ងប់ស្ងាត់ ក្រោយកូរ៉េខាងជើងយល់ព្រមផ្អាកការបាញ់សាកល្បងមីស៊ីល និងធ្វើតេស្ដអាវុធនុយក្លេអ៊ែរ។ មួយវិញទៀត កញ្ចប់ថវិកា យោធានេះទៀតសោត ក៏កំពុងធ្វើឱ្យអ្នកជំនាញមួយចំនួនមានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងដំណើរការការអភិវឌ្ឍមីស៊ីល និងអាវុធនុយក្លេអ៊ែរឡើងវិញ ដ្បិតទីក្រុងព្យុងយ៉ាងអាចនឹងមើលឃើញថាវាគឺជាការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។

ជាក់ស្ដែងកាលពីឆ្នាំ២០១៧ ដោយសារតែព្រួយបារម្ភពីការកើនឡើងនៃប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ក្នុងនោះរួមមានទាំងការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរអ៊ីដ្រូសែន ដោយជោគជ័យផងដែរ។

គួរបញ្ជាក់ថា បើទោះជាមានកិច្ចព្រមព្រៀងរវាងលោកដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីខែមិថុនា ក្នុងប្រទេសសិង្ហបុរី ក៏ដោយ ក៏មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថាទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់គ្នាទៅវិញ ទៅមកថាមិនបានគោរពតាមកិច្ចព្រមព្រៀងនេះ។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង ថែមទាំងអះអាងដែរថាកម្មវិធីមីស៊ីល និងអាវុធនុយ ក្លេអ៊ែរនឹងត្រូវ ឬមិនត្រូវចាប់ផ្ដើមឡើងវិញ គឺអាស្រ័យលើអាកប្បកិរិយារបស់សហរដ្ឋអាមេរិក ដែលបានព្រមានដាក់ទណ្ឌកម្ម សេដ្ឋកិច្ចរហូតទាល់តែទីក្រុងព្យុងយ៉ាងរំសាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុង៕