(អ៊ីតាលី)៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី (ANSA) បានរាយការណ៍ថា ចំនួនមនុស្សស្លាប់បានកើនដល់៣៥នាក់ និងជាច្រើននាក់ទៀត រងរបួសធ្ងន់ ក្រោយហេតុការណ៍បាក់ស្ពានមួយកន្លែងស្ថិតនៅភាគខាងជើងទីក្រុង Genoa ប្រទេសអ៊ីតាលី។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Russian Today នៅថ្ងៃ​ពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអ៊ីតាលី បានហៅគ្រោះថ្នាក់នេះថាជាសោកនាដកម្មមួយ។ ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើង នៅម៉ោង១១៖៣០នាទី កាលពីព្រឹកថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់) និងចំពេលភ្លៀងកំពុងធ្លាក់ខ្លាំង។ សារព័ត៌មាន ANSA បានអះអាងថាមនុស្ស៣៥នាក់ បានស្លាប់ក្នុងនោះរួមមានទាំងកុមារម្នាក់ផងដែរ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា នាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte​ បានទទួលស្គាល់ថាមានតែមនុស្ស២២នាក់ ប៉ុណ្ណោះបានស្លាប់ និង១៦នាក់រងរបួស។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី ស្ពានខាងលើត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៩៦០មកម្លេះ ហើយវាត្រូវបានជួស ជុលកែលម្អកាលពីឆ្នាំ២០១៦។ មកទល់នឹងពេលនេះ អាជ្ញាធរនៅតែបន្តប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេដើម្បីស្វែងរកមនុស្ស មួយចំនួនដែលគេជឿជាក់បានជាប់នៅក្រោមគំនរស្ពានបាក់បែក៕