(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាទីក្រុងវ៉ាស៊ីនតោន មិនបានផ្លាស់ប្ដូរគោលនយោបាយចិនតែមួយនោះទេ បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោក Tsai Ing-wen ថ្លែងសុន្ទរកថានយោបាយនៅលើទឹកដីអាមេរិក ជាលើកដំបូងក្នុងរយៈពេល១៥ឆ្នាំមកនេះ ក្នុងនាមជាប្រធានាធិបតីតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

ទីក្រុងប៉េកាំង បានសម្ដែងការតវ៉ាជាផ្លូវការ ចំពោះសហរដ្ឋអាមេរិកជុំវិញសុន្ទករថារបស់លោកស្រី Tsai កាលពីថ្ងៃចន្ទ​ ក្នុងទីក្រុង ឡូស អាន់ជែលឡែស ជាទីដែលប្រធានាធិបតីតៃវ៉ាន់រូបនេះ បាននិយាយថាសេរីភាព និងអនាគតរបស់កោះតៃវ៉ាន់ មិនអាចក្លាយ ជាប្រធានបទក្នុងកិច្ចចរចាជាដាច់ខាត។ តែទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បញ្ជាក់ថាការលើកឡើងរបស់លោកស្រី Tsai មិនមែនតំណាងឱ្យរដ្ឋាភិបាលអាមេរិកនោះទេ ហើយថាទីក្រុងវ៉ាស៊ីនតោន នៅតែគោរពតាមគោលនយោបាយចិនតែមួយ ដោយមិនបានទទួលស្គាល់រដ្ឋាភិបាលតៃវ៉ាន់ជាផ្លូវការឡើយ។

គួរបញ្ជាក់ថា ​ចិនបានចាត់ទុកកោះតៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន ហើយជារឿយៗទីក្រុងប៉េកាំងក៏ព្រមានដែរថានឹងប្រើប្រាស់កម្លាំង យោធា បើសិនជាតៃវ៉ាន់ប្រកាសឯករាជ្យ៕