(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានប្រកាសថា ​ប្រទេសរបស់លោក នឹងធ្វើឲ្យការជឿទុកចិត្តគ្នាកាន់តែស៊ី​ជម្រៅថែមទៀតជាមួយ​កូរ៉េខាងជើង នៅក្នុងកិច្ច​ប្រជុំជាលើកទីបី ជាមួយ​ប្រមុខដឹកនាំទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន ដែល​នឹង​ប្រព្រឹត្ត​ទៅនាខែក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨។

​បើតាមសេចក្តីថ្លែងការណ៍​របស់​វិមាន​ប្រធានាធិបតីកូរ៉េខាងត្បូង Blue House លោក មូន បានធ្វើការលើកឡើងបែបនេះ ក្នុងអំឡុង​ពិធី​គម្រប់​ខួប៧៣ឆ្នាំនៃការរំដោះឧបទ្វីប​កូរ៉េ​ចេញពី​នឹមអាណានិគមរបស់ជប៉ុនឆ្នាំ១៩១០-១៩៤៥។ លោក​ប្រធានាធិបតីកូរ៉េខាងត្បូង បាន​បន្ត​ថា តាមរយៈកិច្ចប្រជុំកំពូលជាមួយ​មេដឹកនាំកូរ៉េខាងជើង រូបលោកនឹងបោះជំហានយ៉ាងអង់អាច ឆ្ពោះទៅរក​​ការលុបបំបាត់អាវុធ​​នុយ​ក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ព្រមទាំងការ​ប្រកាសបញ្ចប់សង្រ្គាម និងសន្ធិសញ្ញាសន្តិភាព។ លោក មូន បានសង្កត់ធ្ងន់ថា កិច្ច​ព្រម​ព្រៀងនានា អាចនឹងត្រូវអនុវត្តន៍ដោយស្មោះត្រង់បាន លុះត្រាតែ​ភាពមិនជឿទុកចិត្តគ្នា ដែលមានឫសគុលយ៉ាងជ្រៅនោះ ត្រូវ​បាន​លុបបំបាត់ចោល រវាងសេអ៊ូលនិងព្យុងយ៉ាង ក៏ដូចជារវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោន។

គួរជម្រាបថា លោក មូន និង លោក គីម បានបើកកិច្ចប្រជុំកំពូល​លើកទីមួយ​ កាលពីថ្ងៃទី២៧ ខែមេសា នៅភូមិព្រំដែន ផានមុនចុម ដោយបានព្រមព្រៀងគ្នា​ចំពោះការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុង។ ក្រោយមកនៅថ្ងៃទី២៦ ខែឧសភា មេដឹកនាំទាំងពីរម្តង​ទៀត​ ក៏បានជួបគ្នាម្តងទៀត ​​ប៉ុន្តែលើកនេះពុំមានការបញ្ជាក់ឲ្យដឹងជាមុននោះឡើយ ហើយ​នៅថ្ងៃទី១២ ខែមិថុនា ជំនួបប្រវត្តិសាស្រ្ត​​​រវាង​ប្រមុខដឹកនាំកូរ៉េខាងជើង និង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានកើតមានឡើងនៅឯប្រទេសសិង្ហបុរី៕