(ហ្សាការតា)៖ នាយបេសកកម្មជប៉ុន លោក Yasuhiro Yamashita បានចេញមុខសុំទោសចំពោះអត្តពលិកផ្នែកកីឡាបាល់បោះដែលបានចំណាយលុយនាំស្រីដេកក្នុងសណ្ឋាគារ នៅអំឡុងប្រកួតក្នុងព្រឹត្តិការណ៍ Asian Games 2018 នៅប្រទេសឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ។

លោក Yasuhiro បានថ្លែងសុំទោសក្នុងកិច្ចប្រជុំមួយរបស់គណៈកមា្មធិការអាស៊ាន តាមរយៈសារព័ត៌មាន BBC ថា «ខ្ញុំពិតជាមានអារម្មណ៍អៀនខ្មាស់ខ្លាំងណាស់ ហើយក៏សុំអភ័យទោសចំពោះរឿងដែលកើតឡើងនេះផងដែរ ដោយសន្យាមិនឲ្យមានរឿងនេះកើតឡើងទៀតទេ ចាប់ពីពេលនេះតទៅ។ ដើម្បីជាការទទួលខុសត្រូវ យើងបានបញ្ជូន ពួកគេទាំង៤នាក់ត្រឡប់ទៅជប៉ុនវិញហើយ ខណៈនៅសល់សមាជិក៨នាក់ក្នុងក្រុមនឹងប្រកួតបន្ត»។

លោក Yasuhiro បានសង្កត់ធ្ងន់ថា «អត្តពលិកទាំងឡាយ ដើរតួសំខាន់ក្នុងសង្គមជាតិ មិនត្រឹមតម្លៃនៃកីឡាឡើយ»

សូមរំលឹកផងដែរថា អត្តពលិកផ្នែកកីឡាបាល់បោះរបស់ជប៉ុន ៤រូបបានស្លៀកពាក់ឯកសណ្ឋានអត្តពលិកចេញទៅហូប អាហារល្ងាចនៅខាងក្រៅក្នុងទីក្រុង Jakarta ដើម្បីអបអរ ក្រោយពួកគេប្រកួតឈ្នះក្រុមអត្តពលិកកាតា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបាននាំស្រីមកពីក្នុងមកគេងក្នុងសណ្ឋាគាររហូតដល់ថ្ងៃសុក្រទៀតផង នេះបើយោងតាមភ្នាក់ងារ Kyodo News របស់ជប៉ុនចេញផ្សាយ៕