(ញូដេលី)៖ អាជ្ញាធរឥណ្ឌា បានអះអាងថាចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេស បានកើនដល់ជិត៤០០នាក់ហើយ ខណៈមនុស្សជាច្រើននាក់បានបាត់ខ្លូន និង១.២លាននាក់ កំពុងស្នាក់នៅតាមជំរុំស្នាក់នៅ បណ្ដោះអាសន្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរឥណ្ឌា គិតមកទល់នឹងថ្ងៃចន្ទនេះ ប្រជាជនឥណ្ឌា​១.២លាននាក់ ត្រូវបានជម្លៀសទៅកាន់ជំរុំស្នាក់នៅបណ្តោះ អាសន្នជាង១,៥០០​កន្លែង​ ដែលត្រូវបានរៀបចំឡើងនៅទូទាំងរដ្ឋ Kerala ស្របពេលមនុស្សជាច្រើននាក់កំពុងបាត់ខ្លួន នៅឡើយ។ តែទោះជាយ៉ាងនេះក្ដី កងកម្លាំងទាំងជើងគោក ជើងទឹក និងជើងអាកាសនៃប្រទេសឥណ្ឌា នៅតែបន្តធ្វើប្រតិបត្តិការ ជួយសង្រ្គោះរបស់ពួកគេដដែល ដើម្បីជួយដល់ប្រជាជនរងគ្រោះ។

គួរជម្រាបថា ​ក្នុងអំឡុងនៃការធ្វើទស្សនិច្ចទៅកាន់រដ្ឋខាងលើ និងសួរសុខទុក្ខជនរងគ្រោះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ក៏បានប្រកាសទម្លាក់កញ្ចប់ថវិកាជំនួយ​ប្រមាណ៧៥លានដុល្លារភ្លាមៗ បន្ថែមពីលើថវិការបស់រដ្ឋាភិបាល​កណ្តាល​ចំនួន១៥លានដុល្លារ​ ដើម្បីជួយដល់រដ្ឋ Kerala ផងដែរ៕