(ចិន)៖ នៅប្រទេសចិន ផលិតផលចំណីអាហារម៉ាឡេស៊ីជាច្រើនប្រភេទកំពុងលក់ដាច់ខ្លាំង។ ផលិតផលទាំងនោះមានដូចជាកាហ្វេ ទឹកម្ទេស និងគ្រឿងសម្លរការី។

ក្រុមហ៊ុនផលិតចំណីអាហារម៉ាឡេស៊ី ដូចជាក្រុមហ៊ុន រីហ្កាល់ ផ្លឹស (Regal Plus) ក៏បានកត់សម្គាល់ឃើញពីភាពកាក់កបនេះដែរ។

ក្រុមហ៊ុន រីហ្កាល់ ផ្លឹស បានមានកំណើនប្រាក់ចំណូលជាមធ្យមពី១៥ទៅ២០ភាគរយក្នុងមួយឆ្នាំ អស់រយៈពេល១៥ឆ្នាំមកហើយ។ នាយកគ្រប់គ្រង លោក ឡ វី កឹង បានលើកហេតុផលថា ភាពជោគជ័យរបស់ក្រុមហ៊ុនរបស់លោក នៅក្នុងប្រទេសចិននេះ គឺដោយសារតែចិន បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ២០០១ ព្រមទាំងចូលរួមក្នុងយន្តការសហប្រតិបត្តិការថ្នាក់តំបន់មួយចំនួន ដូចជា អាស៊ានបូកបី ដែលមាន១០ប្រទេស នៅអាស៊ីអាគ្នេយ៍ជាសមាជិក បូកជាមួយនឹងប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង។

លោក ឡ វី កឹង នាយកគ្រប់គ្រង ក្រុមហ៊ុន រីហ្កាល់ ផ្លឹស ថ្លែងថា «ចាប់ពីពេលមានអាស៊ានបូកបីមក ពន្ធនាំចូលត្រូវបានកាត់បន្ថយ ឬធ្លាក់មកសល់ត្រឹមសូន្យក៏មាន ដូច្នេះផលិតផលម៉ាឡេស៊ីជាច្រើន បានចូលមកក្នុងប្រទេសចិន ហើយមានប្រៀបជាងគេខ្លាំងមែនទែន។ ក្រោយមកទៀត ផលិតផលម៉ាឡេស៊ីក៏មានតម្រូវការច្រើន ក្រោយពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ដូច្នេះផលិតផលរបស់យើងដូចជាកាហ្វេស និងនំប៊ីសស្គីតជាដើមនេះ សុទ្ធតែលក់ដាច់ខ្លាំងក្រោយពីពេលនោះមក»

ចាប់ពីកាហ្វេរហូតដល់ការ៉េម ការលក់ផលិតផលធុរេន និងផលិតផលដែលធ្វើចេញពីធុរេន រកប្រាក់ចំណូលឱ្យក្រុមហ៊ុននេះ បានពាក់កណ្តាលនៃប្រាក់ចំណូលសរុបទៅហើយ។

តែបើទោះជាបែបនេះក្តី ក៏ការប្រកួតប្រជែងនៅក្នុងវិស័យលក់គ្រឿងឧបភោគបរិភោគធូរថ្លៃ នៅតែពិបាកទាំងសម្រាប់ក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានកេរ្តិ៍ឈ្មោះស្រាប់ផង និងសម្រាប់ក្រុមហ៊ុនក្នុងស្រុក ដែលនិយមកាត់បន្ថយចំណាយផង។

លោក ឡ និយាយថា ការលំបាកធំបំផុតនោះ គឺឥរិយាបថរបស់អ្នកប្រើប្រាស់ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងវិធីធ្វើទីផ្សារផងដែរ។

លោក ឡ វី កឹង និយាយទៀតថា «សម្រាប់អតិថិជនវ័យក្មេង ពួកគាត់និយមទិញទំនិញតាមទូរស័ព្ទ។ យើងត្រូវតែមានកម្មវិធីរបស់ក្រុមហ៊ុនយើងផ្ទាល់ សម្រាប់ឱ្យអតិថិជនទិញទំនិញតាមទូរស័ព្ទបាន។ ដូច្នេះយើងគ្មានជម្រើសអ្វីក្រៅពីចូលរួមជាមួយហាង WeChat នោះទេ។ មែនទែនទៅ យើងចំណាយប្រាក់អស់ច្រើនណាស់ ដើម្បីផ្សព្វផ្សាយអំពីកម្មវិធីទិញទំនិញរបស់យើងនេះ។ បើទោះជាទីផ្សារមានស្ថានភាពល្អខ្លាំងក៏ដោយ ក៏យើងត្រូវតែចាយប្រាក់ច្រើន ដើម្បីដើរឱ្យទាន់ស្ថានភាពទីផ្សារដែរ»

ក្រុមហ៊ុន រីហ្កាល់ នៅតែមានទំនុកចិត្តខ្ពស់ ចំពោះប្រទេសចិន ដោយគេនៅតែចាត់ទុកប្រទេសចិន ជាទីផ្សារដ៏មានសក្តានុពលខ្លាំងដដែល។

លោក ឡ វី កឹង នាយកគ្រប់គ្រង ក្រុមហ៊ុន រីហ្កាល់ ផ្លឹស ថ្លែងទៀតថា «ទីក្រុងលំដាប់ទី៣ និងទី៤ គឺជាកន្លែងដែលកម្លាំងនៃការទិញ កំពុងអភិវឌ្ឍនាពេលសព្វថ្ងៃ។ កាលពីមុន ពួកគេមានសមត្ថភាពទិញត្រឹមតែផលិតផល ក្នុងស្រុកដែលធូរថ្លៃប៉ុណ្ណោះ។ តែពេលនេះ ពួកគាត់ចង់បានផលិតផលដែលនាំចូលពីបរទេស។ នេះបើយើងនិយាយអំពីសុវត្ថិភាពចំណីអាហារ និងរសជាតិរបស់វា។ ម្យ៉ាងទៀត ដោយសារប្រទេសចិន មានគោលនយោបាយកូនមួយឬកូនពីរ ប្រជាជនចិនតែងតែចង់ផ្តល់អាហារ ដែលល្អបំផុតសម្រាប់កូនៗ»

ផ្លែឈើម៉ាឡេស៊ីជាច្រើន ដូចជាធុរេនឬផលិតផលដែលផលិតចេញពីធុរេន មានប្រជាជនចិនរាប់លាននាក់បរិភោគ។

អតិថិជនម្នាក់និយាយថា «ខ្ញុំទុកចិត្តលើទំនិញដែលនាំចូលច្រើនជាង។ បើនិយាយអំពីទំនិញដែលយកមកពីអាស៊ីអាគ្នេយ៍វិញ ជាធម្មតាខ្ញុំទិញផ្លែឈើដែលដាំនៅតំបន់ត្រូពិក។ ហើយម៉ាក់ខ្ញុំគាត់ចូលចិត្តពិសារធុរេនណាស់»។

បើទោះជាប្រទេសចិន កំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំង ហើយប្រាក់ខែកម្មករឡើងថ្លៃក៏ដោយ ក៏លោក ឡ នៅតែមានផែនការចង់បើករោងចក្រផលិតមួយនៅប្រទេសចិន ដើម្បីបញ្ជូនទំនិញរបស់ក្រុមហ៊ុនទៅកាន់ទីផ្សារ ឱ្យបានកាន់តែឆាប់រហ័ស៕ (សារព័ត៌មាន CCTV របស់ចិន)