(ចិន)៖ មនុស្សយន្តសម្រាប់ប្រើក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មជាច្រើនប្រភេទផ្សេងៗគ្នា បានធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល នៅក្នុងសន្និបាតមនុស្សយន្តពិភពលោកឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នាសប្តាហ៍មុន។

ក្រុមហ៊ុនចិន និងក្រុមហ៊ុនអន្តរជាតិដែលផលិតមនុស្សយន្តជាង១៦០ក្រុមហ៊ុន បានបង្ហាញមនុស្សយន្តជំនាន់ថ្មីចុងក្រោយបង្អស់របស់ខ្លួន នៅក្នុងព្រឹតិ្តការណ៍រយៈពេល៥ថ្ងៃនេះ។

គេឃើញមានមនុស្សយន្ត ដែលមានជំនាញដែលអាចយកមកប្រើការបាន នៅគ្រប់ទីកន្លែងតែម្តងនៅក្នុងសន្និបាតនេះ។ ក្នុងនោះរួមមានដូចជាមនុស្សយន្តខ្នាតតូច នៅឯសាលមនុស្សយន្តឧស្សាហកម្ម ដែលអាចមួលអំពូលភ្លើងបានយ៉ាងស្ទាត់ជំនាញ ព្រមទាំងអាចរើសផ្លែឈើបានយ៉ាងច្បាស់លាស់ទៀតផង។

អ្នកតាំងបង្ហាញមនុស្សយន្តម្នាក់និយាយថា «ឧបមាថាយើងចង់មួលអំពូលមួយអញ្ជឹង បើសិនជាយើងប្រើម្រាមដៃមេកានិចទូទៅ យើងត្រូវបំពាក់ស៊ែនស័រច្រើនណាស់ ដើម្បីធ្វើឱ្យប្រតិបត្តិការនេះមានភាពពេញលេញ។ តែបើនិយាយចំពោះមនុស្សយន្តខ្នាតតូចនេះវិញ វាអាចធ្វើចលនាបានយ៉ាងងាយ ដោយត្រូវចំណាយតិចមែនទែន»

មនុស្សយន្តមួយទៀត ដែលគេយកមកបង្ហាញ មានសមត្ថភាពរើសសូកូឡាពណ៌ក្រហម លឿង និងខៀវ រាប់សិបដុំ ហើយបែងចែកវាទៅតាមពណ៌នីមួយៗ ដោយចំណាយពេលមិនដល់២០វិនាទីផង។ ឯមនុស្សយន្ត S-MIX វិញ ចេះក្រឡុកស្រាបានជាង២០ប្រភេទ ដោយប្រើស្រាសាមញ្ញ៤មុខ លាយជាមួយគ្រឿងផ្សំ៦មុខ។ មិនដល់មួយនាទីផង វាអាចក្រឡុកស្រាបានមួយកែវទៅហើយ គឺលឿនជាងអ្នកក្រឡុកស្រាមែនទែនទៅទៀត។

យោងតាមក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន វិស័យមនុស្សយន្តរបស់ប្រទេសចិន មានកំណើនប្រចាំឆ្នាំជាមធ្យមជិត៣០ភាករយ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ ដោយមានទឹកប្រាក់៧ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៧។ ចំនួនមនុស្សយន្តដែលប្រើសម្រាប់វិស័យឧស្សាហកម្ម ដែលផលិតនៅក្នុងប្រទេសចិននាឆ្នាំ២០១៧ មានចំនួនជាង១សែន៣ម៉ឺនគ្រឿង កើនឡើង៦៨.១ភាគរយបើធៀបនឹងឆ្នាំ២០១៦។

អ្នកទស្សនានៅទីនេះ បានកោតសរសើរដល់មនុស្សយន្ត ដែលប្រើសម្រាប់វិស័យសេវាកម្ម ដែលគេយកមកតាំងបង្ហាញនៅទីនេះ។ មនុស្សយន្តមួយឈ្មោះថា ណាវ (NAO) អាចតោងឡើងកាំជណ្តើរ និងចេះលេងវាយកូនហ្គោលទៀតផង។ វាបានចូលរួមប្រកួតបាល់ទាត់ World Cup មនុស្សយន្តចំនួន៤ដង ព្រមទាំងបានជួយឱ្យក្រុមចិន ជាប់ចំណាត់ថ្នាក់លេខបីក្នុងការប្រកួតឆ្នាំនេះទៀតផង។

អ្នកបច្ចេកទេសម្នាក់និយាយថា «មនុស្សយន្តទាំងនេះ វាចេះគ្រប់គ្រងខ្លួនឯងបានពេលប្រកួត។ មុនពេលប្រកួត យើងបញ្ចូលប្រូក្រាមឱ្យវាចេះមើល ចេះដើរ និងចេះសហការគ្នា។ វាអាចកែសម្រួលទិកនិចនៃការលេង ហើយចេះរៀបចំកន្លែងដែលត្រូវឈរទៅតាមស្ថានភាពរបស់គូប្រកួត នៅក្នុងតារាងបាល់ទាត់ដោយខ្លួនឯងទៀតផង»

មនុស្សយន្តផ្សេងទៀត ក៏ចេះឆុងកាហ្វេ និងសរសេរអក្សរឆ្លាក់ដែរ។

អ្នកបច្ចេកទេសនិយាយថា «យើងប្រើអក្សរឆ្លាក់ ដើម្បីតេស្តមើលពីភាពនឹងនរនៃដៃមេកានិច។ វានឹងល្អដូចជាដៃមនុស្សអញ្ជឹងដែរ ហើយក៏អាចធ្វើចលនាស្ទើរតែដូចនឹងដៃមនុស្សមែនទែនទៅហើយដែរ»

ក្នុងឆ្នាំ២០១៧ មនុស្សយន្តដែលផលិត បាននៅទូទាំងពិភពលោក មានតម្លៃសរុបជាង២៥ពាន់លានដុល្លារអាមេរិក កើនឡើង២០ភាគរយបើធៀបនឹងឆ្នាំ២០១៦។ គេរំពឹងថា តម្លៃនេះនឹងកើនដល់៣០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨ បើយោងតាមសហព័ន្ធមនុស្សយន្តអន្តរជាតិ៕ (សារព័ត៌មាន CCTV របស់ចិន)

(Khmer) China-World Robot Conference
New robots wow at World Robot Conference in Beijing