(ហ្សាការតា)៖ មនុស្សភាគច្រើនច្បាស់ជាមានចម្ងល់ហើយថា ហេតុអ្វីបានជាកោះទេសចរណ៍ឥណ្ឌូណេស៊ី លុមបុក (Lombok) ​នា​អំឡុងពេល០៣សប្តាហ៍ចុងក្រោយនេះ បានរងគ្រោះដោយសាររញ្ជួយដី​កម្រិតធ្ងន់ៗ ជាបន្តបន្ទាប់ និងបានសម្លាប់ជីវិតមនុស្ស​សរុប​ជាង៥០០នាក់ ​និងបណ្តាលឲ្យ​រាប់សែននាក់បាត់បង់ផ្ទះសម្បែង គិតចាប់តាំងពី​ចុងខែកក្កដាមក។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។

​ប្រទេសប្រជុំ​ដោយកោះ​ជាច្រើននេះ មានទីតាំងស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ដែលគេហៅថា Pacific Ring of Fire គឺជាទីដែល​ស្រទាប់រឹងរបស់ផែនដី ឬស្រទាប់តិចតូនិច (Tectonic Plate) ប៉ះទង្គិចគ្នា ហើយ​បាតុភូតបន្ទុះភ្នំភ្លើង​ និងរញ្ជួយដីជាច្រើន តែងកើត​មាន​ឡើង។ ប៉ុន្តែវាពុំមែនជារឿងកើតឡើងញឹកញាប់នោះទេ ដែលកោះតែមួយគត់ បានទទួលរងការវាយប្រហារ​ស្ទើរ​តែផ្ទួនៗ និងយ៉ាង​ធ្ងន់​ធ្ងរ​បែប​នេះ។

តើអ្វីដែលបានបង្កគ្រោះរញ្ជួយដីទាំងនេះ? ​គ្រោះរញ្ជួយដី ដែលបានកើតឡើងតាំងពីចុងខែកក្កដា គឺជាលទ្ធផលនៃការប៉ះទង្គិច​​គ្នា​វវាង​ស្រទាប់តិចតូនិច Australia និង ស្រទាប់តិចតូនិច Eurasia ដែលស្ថិតនៅពីខាងក្រោម​ប្រទេសឥណ្ឌូណេស៊ី។ ការបុកគ្នានៃស្រទាប់រឹង​ទាំងពីរ បាន​និងកំពុងតែបង្កឡើងនូវ​​សកម្មភាព នៅតាម​ស្នាមក្រហែង​ភូមិសាស្រ្ត​​ក្រោម​បាត​សមុទ្រ​មួយ គេហៅថា Flores Backarc Thrust ​ដែល​នៅភាគខាងជើង​កោះ Lombok និងរត់ពី​ចុងភាគខាងកើត​កោះជ្វា រហូតដល់ប្រទេសទីម័រ។

គួរជម្រាបថា កោះ Lombok បានរងការវាយប្រហារ​​​ដោយរញ្ជួយដីយ៉ាងប្រល័យ​ចំនួនពីរ គឺកាលពីថ្ងៃទី២៩ ខែកក្កដា និងថ្ងៃទី០៥ ខែសីហា។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហេតុការណ៍ញ័ររញ្ជួយ​មួយចំនួន ​ក៏បានកើត​ឡើងជាថ្មីម្តងទៀត ដោយ​ក្នុងនោះកម្រិត​ខ្ពស់​ជាងគេគឺ៦.៩រ៉ិចទ័រ។ បើតាមក្រុមអ្នកជំនាញខាងបាតុភូតរញ្ជួយផែនដី ​​បាតុភូតនេះ អាចនឹងបន្តកើតមានទៀត​​​​ ដោយមិនទាន់ចប់​ឡើយ​៕