(ប៉េកាំង)៖ យោធាចិននឹងចូលរួមក្នុងការធ្វើសមយុទ្ធបែបយុទ្ធសាស្រ្ត Vostok-2018 ឬ East-2018 នៅឯប្រទេសរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីចុងខែសីហា រហូតដល់ពាក់កណ្តាលខែកញ្ញាខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិន ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨។
កម្លាំងយោធានៃប្រទេសទាំងពីរ នឹងធ្វើហ្វឹតហាត់អនុវត្តន៍ប្រតិបត្តិការរួមគ្នា នៅទីលាន Tsugol ក្នុងតំបន់ Trans-Baikal នៃប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ដល់ដល់ទៅថ្ងៃទី១៥ ខែកញ្ញា ខណៈសមយុទ្ធយោធាទ្រង់ទ្រាយនេះ នឹងចាប់ផ្តើមតាំងពីចុងខែសីហានេះតទៅ។ យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិចិន សមយុទ្ធយោធានេះ ពុំមានចេតនាបង្ហាញសាច់ដុំដាក់ភាគីទីបីណាមួយឡើយ។
គួរជម្រាបថា ចិននឹងបញ្ជូនកងទ័ពប្រហែល៣,២០០នាក់ រួមជាមួយបរិក្ខាយោធាជាង៩០០គ្រឿង និងយន្តហោះក៏ដូចជាឧទ្ធម្ភាគចក្រចំនួន៣០គ្រឿង ទៅចូលរួមក្នុងសមយុទ្ធខាងលើ៕