(សេអ៊ូល)៖ កូរ៉េខាងជើងទំនងជានឹងធ្វើព្យុហយាត្រាយោធាទ្រង់ទា្រយធំមួយ នៅអំឡុងពិធីរំលឹកខួបលើកទី៧០នៃថ្ងៃបង្កើត ប្រទេសកូរ៉េខាងជើង នៅខែក្រោយនេះ។ នេះបើតាមគេហទំព័រអាមេរិក 38 North ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ទីក្រុងព្យុងយ៉ាង នឹងត្រូវប្រារព្ធខួបលើកទី៧០នៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ជាមួយការរំពឹងខ្ពស់ ថារបបដឹកនាំលោក គីម ជុងអ៊ុន នឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ជាងព្យុហយាត្រាយោធាកាលពីខែកុម្ភៈទៅទៀត។ ជាក់ ស្ដែង បើតាមរូបភាពថតដោយផ្កាយរណបរបស់ 38 North សកម្មភាពជាច្រើនបានកើនឡើងជាលំដាប់នៅឯទីលាន Mirim ក្នុងទីក្រុងព្យុងយ៉ាង។
មិនតែប៉ុណ្ណោះ រូបភាពផ្កាយរណបទាំងនេះ ក៏បានបង្ហាញថារថយន្ដធុនធ្ងន់ជាង៥០០គ្រឿងត្រូវបានគេប្រើប្រាស់ដើម្បីដឹកជញ្ជូន កងទ័ពទៅកាន់កន្លែងហ្វឹកហាត់ធ្វើព្យុហយាត្រាយោធាផងដែរ។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះ គេហទំព័រ 38 North មិនបាន បញ្ជាក់ពីសកម្មភាពចល័តមីស៊ីល ឬក៏ការសង្ស័យពីការធ្វើតេស្ដមីស៊ីលអ្វីនោះទេ៕