(ញូយ៉ក)៖ អតីតមេធាវីផ្ទាល់ខ្លូនម្នាក់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោក Michael Cohen បានសារភាពថា លោកត្រាំគឺជាអ្នកបញ្ជាឱ្យលោកប្រព្រឹត្តបទល្មើស តាមរយៈការផ្ដល់ប្រាក់រាប់សែនដុល្លារ ដើម្បីបិទមាត់ស្ត្រីពីរនាក់កុំឱ្យនិយាយពី ទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
លោក Michael Cohen មានអាយុ៥១ឆ្នាំ ធ្វើការអះអាងបែបនេះនៅក្នុងចម្លើយសារភាពមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ នៅចំពោះ មុខតុលាការក្នុងសង្កាត់ Manhattan នៃទីក្រុងញូយ៉ក ដែលចោទប្រកាន់រូបលោកថាប្រព្រឹត្តបទល្មើស០៨ករណី ក្នុងនោះរួមមាន ទាំងគេចពន្ធ ក្លែងបន្លំធនាគារ និងការរំលោភលើហិរញ្ញវត្ថុក្នុងការធ្វើយុទ្ធនាការបោះឆ្នោតជាដើម។
លោក Cohen មិនបានលើកឈ្មោះរបស់លោកត្រាំ នៅក្នុងសវនាការឡើយ ប៉ុន្តែមេធាវីរបស់លោក Cohen គឺលោក Lanny Davis បានអះអាងថារូបលោកចង់និយាយសំដៅលើប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ លោក Davis បានគូសបញ្ជាក់ ដូច្នេះថា៖«នៅថ្ងៃនេះ លោក Cohen បានបញ្ជាក់នៅចំពោះមុខតុលាការថាលោក ដូណាល់ ត្រាំ ជាអ្នកបញ្ជាឱ្យលោកប្រព្រឹត្តបទ ល្មើសតាមរយៈការផ្ដល់ប្រាក់រាប់សែនដុល្លារ ដើម្បីបិទមាត់ស្ត្រីពីរនាក់កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទជាមួយលោក ត្រាំ»។
គួរបញ្ជាក់ថា ប្រាក់រាប់សែនដុល្លារ ដែលគេចោទថាលោក ដូណាល់ ត្រាំ បានចំណាយលើស្រី្តពីរនាក់ខាងលើ ក្នុងនោះមាន ប្រាក់ ១៣០,០០០ដុល្លារ ត្រូវផ្ដល់ឱ្យតារាអាសអាភាស នាង Stormy Daniels និង១៥០,០០០ដុល្លារ ឱ្យអតីតតារាម៉ឌែល នាង Karen McDougal។ ប៉ុន្តែយ៉ាងណា ខាងសេតវិមានមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ៕