(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ បាននិយាយថាលោកកំពុងពិចារណាឈប់ប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន ដោយសារតែព្រួយបារម្ភខ្លាចក្រែងទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លួចស្ដាប់កិច្ចសន្ទនា ហើយប្រើប្រាស់ព័ត៌មានផ្ទាល់ ខ្លួនដើម្បីសម្លាប់រូបលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសុន្ទរកថាមួយក្នុងទីក្រុង Cebu នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ឌូតឺតេ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំដឹងថា
សហរដ្ឋអាមេរិកកំពុងលួចស្ដាប់ ហើយខ្ញុំប្រាកដណាស់ថា CIA អាចនឹងសម្លាប់ខ្ញុំ»។ ដោយឡែក ដើម្បីទប់ស្កាត់ការលួចស្ដាប់ កិច្ចសន្ទនាពីជនទីបី ដែលលោកផ្ទាល់គិតថាក្រៅតែពីសហរដ្ឋអាមេរិក អាចជាចិន រុស្ស៊ី អ៊ីស្រាអែល ឬក៏ឥណ្ឌូណេស៊ី ប្រធានាធិបតី ហ្វីលីពីនវ័យ៧៣ឆ្នាំរូបនេះ បានអះអាងថាលោកកំពុងពិចារណាឈប់ប្រើប្រាស់ស្មាតហ្វូន ហើយងាកទៅប្រើទូរស័ព្ទដៃធម្មតា ជំនួសវិញ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយដែលលោក ឌូតឺតេ ចោទថា CIA មានបំណងសម្លាប់រូបលោក ប៉ុន្តែលោកមិនដែល បង្ហាញភស្ដុតាងណាមួយដើម្បីការពារការអះអាងរបស់ខ្លូននោះទេ៕