(ឡុងដ៍)៖ បុព្វជិតជាន់ខ្ពស់អ៊ីរ៉ង់ លោក Ahmad Khatami នៅថ្ងៃពុធនេះ បានព្រមានសហរដ្ឋអាមេរិកជាសាធារណៈថា បើសិនជា ហ៊ានវាយប្រហារលើអ៊ីរ៉ង់ នោះសម្ព័ន្ធមិត្តអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមមានទាំងអ៊ីស្រាអែលនឹងក្លាយជាគោលដៅវាយប្រហារ របស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨។
បន្ថែមពីលើនេះ លោក Khatami ក៏បា្រប់ដល់អ្នកកាន់សាសនាអ៊ីស្លាម នៅអំឡុងពេលចូលរួមពិធីថ្វាយបង្គំ ក្នុងថ្ងៃបុណ្យហាជ ក្នុង ទីក្រុងតេហេរ៉ង់ដែរថា សំណើជួបចរចាជាមួយមេដឹកនាំអ៊ីរ៉ង់ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺជារឿងមិនអាច ទទួលបាន។ បុព្វជិតជាន់ខ្ពស់រូបនេះ បានលើកឡើងដូច្នេះថា៖«ជនជាតិអាមេរិកតែងតែចូលចិត្តនិយាយថា អ្នកត្រូវតែទទួលយកអ្វី
ដែលយើងបាននិយាយនៅក្នុងកិច្ចចរចា...តែនេះមិនមែនជាការចរចាគ្នានោះទេ ប៉ុន្តែគឺវាជារបៀបផ្ដាច់ការដែលប្រជាជនអ៊ីរ៉ង់ ទាំងអស់ត្រូវតែងើបឡើងប្រឆាំងនឹងរបបផ្ដាច់ការបែបនេះ»។
តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី (Hassan Rouhani) បានអះអាងថាសហរដ្ឋអាមេរិកនឹង មិនហ៊ានធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះឡើយ ដោយសារតែអំណាចយោធារបស់អ៊ីរ៉ង់ ព្រមទាំងផលវិបាកដ៏ធំធេងនៃជម្លោះជាមួយ តេហេរ៉ង់៕