(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានក៏ដូចជាចោទប្រកាន់ផងដែរថា ក្រុមហ៊ុន Google, Facebook និង Twitter មានភាពលម្អៀងខាងនយោបាយ តាមរយៈការលើកកម្ពស់តែព័ត៌មានមានភាពអវិជ្ជមានប្រឆាំងនឹងរូបលោកដូចជាការចុះផ្សាយរបស់ CNN នាពេលកន្លងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់លើ Twitter នៅថ្ងៃអង្គារសប្ដាហ៍នេះយ៉ាងដូច្នេះថា «ក្រុមហ៊ុន Google ពិតជាកំពុងទាញ ប្រយោជន៍ពីប្រជាជនរបស់យើង... ហើយជាការពិតណាស់ Google Facebook និង Twitter ពួកគេកំពុងបង្កបញ្ហាជាពិសេសគឺ ការលើកកម្ពស់តែព័ត៌មានមានភាពអវិជ្ជមានប្រឆាំងតែនឹងរូបខ្ញុំ ដូចជាអ្វីដែល CNN ធ្លាប់បានធ្វើហើយដែលនេះ គឺជាការអនុវត្តខុសច្បាប់... ដូច្នេះហើយពួកគេគួរតែយកចិត្តទុកដាក់ឱ្យបានខ្ពស់»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបានបង្ហាញភស្ដុតាងដើម្បីការពារការលើកឡើងរបស់លោកឡើយ ខណៈក្រុមហ៊ុន Google បានច្រានចោលការចោទប្រកាន់របស់លោក ត្រាំ រីឯ Facebook និង Twitter ក៏មិនទាន់ធ្វើការអត្ថាធិប្បាយអ្វីនៅឡើយនោះដែរ៕