(ញូយ៉ក)៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ (UN) លោក វ៉ាស៊ីលី ណេប៊ិនស្យ៉ា (Vassily Nebenzia) បានចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងអនុវត្តន៍គោលនយោបាយអាណានិគម ក្នុងចេតនាបំបែកបំបាក់ និងរូបអូសយកធនធានធម្មជាតិរបស់ប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
លោក Vassily Nebenzia ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសនិ្តសុខ UN នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោង នៅក្នុងទីក្រុងញូយ៉ក)។ ថ្លែងនាឱកាសនោះ អ្នកតំណាងរុស្ស៊ីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកបាននិងកំពុងបន្តអនុវត្តន៍នយោបាយអាណានិគម ក្នុងចេតនាបំបែកបំបាក់ប្រទេសស៊ីរី... ហើយវារឹតតែច្បាស់ទៅទៀតគឺថា ក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកកំពុងបង្កើតរដ្ឋាភិបាលរណបមួយ ក្នុងគោលដៅពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ និងដើម្បីងាយស្រួលគ្រប់គ្រងទឹកដី ព្រមទាំងរឹបអូសយកធនធានធម្មជាតិរបស់ស៊ីរី»។
គួរជម្រាបថា នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ លោក Nebenzia ក៏បានរិះគន់យ៉ាងខ្លាំងលើសកម្មភាពរបស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្រ្គាមស៊ីរីផងដែរ ជាមួយការអះអាងថា ទីក្រុងម៉ូស្គូកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទិននឹងការប្រើប្រាស់អាវុធគីមី ប្រឆាំងជនស៊ីវិលស៊ីរី ដែលអាចត្រូវបានសហរដ្ឋអាមេរិក និងលោកខាងលិចប្រើវាជាលេសបើកការវាយប្រហារជាថ្មីលើរដ្ឋាភិបាល ទីក្រុងដាម៉ាស់៕