(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានចោទប្រកាន់រដ្ឋាភិបាលចិនជាថ្មីថាជាអ្នកចូល Hack សារអេឡិចត្រូនិច ឬ E-mail របស់អតីតបេក្ខភាពប្រធានាធិបតីអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
ប៉ុន្តែទន្ទឹមគ្នា លោកត្រាំ មិនបានបង្ហាញភស្ដុតាង ឬព័ត៌មានជាក់លាក់ណាមួយ ដើម្បីការពារការអះអាងរបស់លោកឡើយ។ ម្យ៉ាង វិញទៀត ការលើកឡើងនេះគឺផ្ទុយទាំងស្រុងទៅនឹងការសន្និដ្ឋានរបស់ស្ថាប័នស៊ើបការណ៍សំងាត់អាមេរិក ដែលចោទថារុស្ស៊ីជាអ្នក នៅពីក្រោយការ Hack E-mail របស់មន្ត្រីគណបក្សប្រជាធិបតេយ្យ និងលោកស្រីគ្លីតុន ក្នុងគោលដៅលូកលាន់ចូលក្នុងកិច្ចការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។ ចំណែកឯ តុលាការសហព័ន្ធអាមេរិក កាលពីខែកក្កដា ក៏បានចោទប្រកាន់ជាផ្លូវការលើមន្ត្រីចារកម្មរុស្ស៊ីចំនួន១២រូបផងដែរ ពាក់ព័ន្ធនឹងការ Hack E-mail នេះ។
គួររំលឹកថា នេះមិនមែនជាលើកទីមួយឡើយដែលលោក ដូណាល់ ត្រាំ ចោទប្រកាន់លើចិនបែបនេះ ពោលគឺកាលពីខែមេសា ឆ្នាំ២០១៧ លោកធ្លាប់បានចោទទីក្រុងប៉េកាំង ដោយគ្មានភស្ដុងតាង ម្ដងរួចមកហើយថាចិនជាអ្នក Hack E-mail របស់លោកស្រី ហ៊ីលឡារី គ្លីនតុន៕