(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីលលោក មីឈែល ធីមើ (Michel Temer) បានប្រកាសថា រដ្ឋាភិបាលរបស់បានលោក នឹងបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅកាន់រដ្ឋ រ៉ូរ៉ៃម៉ា (Roraima) ដែលស្ថិតនៅព្រំដែនភាគខាងជើងប្រទេស ដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញ ក្រោយមានការបង្កបញ្ហាដោយសារតែវិបត្តិជនអន្តោប្រវេសន៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
កាលពីឆ្នាំទៅជនអន្តោប្រវេសន៍វេណេស៊ុយអេឡារាប់ម៉ឺននាក់ បានឆ្លងចូលមកក្នុងទឹកដីប្រេស៊ីលតាមរដ្ឋខាងលើ ហើយការកើនឡើងយ៉ាងច្រើនលើសលុបនៃចំនួនប្រជាជន បានបណ្តាលឲ្យមានភាពតានតឹងនៅរដ្ឋ Roraima កាលពីអំឡុងដើមខែសីហានេះ ដោយមានករណីហិង្សាមួយចំនួន បានកើតមានឡើងពីសំណាក់ក្រុមអ្នកម្ចាស់ស្រុកប្រេស៊ីល ទៅលើក្រុមជនអន្តោប្រវេសន៍រាប់រយនាក់ ហើយអ្នករស់នៅព្រមទាំងអាជ្ញាធរក្នុងតំបន់ បានត្អូញត្អែរថា រដ្ឋាភិបាលកណ្តាលរបស់ប្រេស៊ីល បានព្រងើយកន្តើយ ចំពោះស្ថានការណ៍នៅ Roraima ដោយពុំបានផ្តល់ជំនួយចាំបាច់អ្វីសោះ។
គួរជម្រាបថា បើតាមការបញ្ជាក់របស់រដ្ឋាភិបាលប្រេស៊ីល កាលពីចន្លោះឆ្នាំ២០១៥ និងខែមិថុនា ឆ្នាំ២០១៧ ជនអន្តោប្រវេសន៍វេណេស៊ុយអេឡាប្រហែល ៥៦,៧០០នាក់ បានឆ្លងចូលមកក្នុងប្រទេសប្រេស៊ីល ដើម្បីសុំការជ្រកកោណ និងស្វែងរកកន្លែងស្នាក់នៅជាអចិន្រ្តៃយ៍ ប៉ុន្តែចំនួនជាក់ស្តែងត្រូវគេជឿជាក់ថា គឺច្រើនជាងនេះឆ្ងាយ។ ចាប់តាំងពីនោះមកបញ្ហាជាច្រើនបានកើតមានឡើង ដែលបាននិងកំពុងជារឿងឈឺក្បាលខ្លាំងដល់រដ្ឋាភិបាលប្រេស៊ីល៕