(សេអ៊ូល)៖ វិមានប្រធានាធិបតីកូរ៉េខាងត្បូងបានឱ្យដឹងថា សហរដ្ឋអាមេរិកមិនទាន់ដាក់សំណើណាមួយមកភាគីកូរ៉េខាងត្បូង ដើម្បីជួបចរចាពីការចាប់ធ្វើផ្ដើមសមយុទ្ធយោធាប្រចាំឆ្នាំរវាងប្រទេសទាំងពីរឡើងវិញនៅឡើយទេ បន្ទាប់ពីបានផ្អាកអស់មួយរយៈធំ សំដៅបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង តបតាមកិច្ចព្រមព្រៀងនានាកន្លងមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨។
នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធនេះ អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក គីម អ៊ុយកឺម (Kim Eui-keum) បានបន្ថែមទៀតថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន មិនទាន់ពិភាក្សាគ្នាពីការធ្វើសមយុទ្ធយោធាឡើងវិញនៅឡើយទេ ហើយភាគីទាំងពីរ នឹងលើកបញ្ហានេះមកជជែកគ្នា ដើម្បីធ្វើការសម្រេចចិត្ត នៅក្រោយពេលពិចារណាលើភាពជឿនលឿន នៅក្នុងសំណុំរឿងរំសាយអាវុធ នុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Kim Eui-keum កើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ចេមស៍ ម៉ាត់ទីស (James Mattis) បានអះអាងកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកមិនមានគំរោងផ្អាកការធ្វើសមយុទ្ធយោធាបន្ថែមទៀត ជាមួយកូរ៉េខាងត្បូងនោះទេ។ ប៉ុន្តែបើសិនជាសមយុទ្ធយោធារវាងប្រទេសទាំងពីរ ត្រូវបានចាប់ផ្ដើមធ្វើឡើងវិញមែន នោះភាពតានតឹងនៅលើឧបទ្វីបកូរ៉េអាចនឹងផ្ទុះឡើងជាថ្មី ដ្បិតទីក្រុងព្យុងយ៉ាងបានចាត់ទុកថា ការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជា សកម្មភាពត្រៀមឈ្លានពានកូរ៉េខាងជើង៕