រដ្ឋាភិបាលស៊ីរី ទាត់ចោលព័ត៌មានដែលថា មូលដ្ឋានទ័ពនៅក្រុងដាម៉ាស់ រងការវាយប្រហារពីអ៊ីស្រាអែល (video inside)
02-09-2018 09:08
(ដាម៉ាស់)៖ កងទ័ពរដ្ឋាភិបាលស៊ីរី បានចេញមុខទាត់ចោលសេចក្តីរាយការណ៍ព័ត៌មាន ដែលថាអ៊ីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលមកលើបន្ទាយទ័ពអាកាសមួយកន្លែងរបស់ខ្លួន នៅភាគខាងលិចរដ្ឋធានីដាម៉ាស់ ដោយបញ្ជាក់ថា បញ្ហាចរន្តអគ្គិសនីទៅវិញទេ ដែលបានបង្កឲ្យមានហេតុការណ៍ផ្ទុះនៅឃ្លាំងស្តុកអាវុធមួយកន្លែង ក្បែរមូលដ្ឋានយោធានោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៨។
ការចេញសេចក្តីថ្លែងការណ៍ខាងលើ ពីសំណាក់យោធាប្រទេសស៊ីរី បានកើតមានឡើង បន្ទាប់ពីសំឡេងផ្ទុះយ៉ាងកក្រើកចំនួនពីរលើក ត្រូវគេលឺនៅឯបន្ទាយទ័ពអាកាស Mazzeh ក្នុងតំបន់ Mazzeh ភាគខាងលិចទីក្រុងដាម៉ាស់ ដោយសំឡេងនៃហេតុការណ៍នោះ ត្រូវគេ អះអាងថា បានលាន់សូរខ្ទរពេញរដ្ឋធានីស៊ីរីទាំងមូលតែម្តង។
គួរជម្រាបថា កាលពីប្រមាណជាមួយម៉ោង មុនការបញ្ជាក់ពីយោធាស៊ីរី បណ្តាញសារព័ត៌មានក្នុងស្រុក នៃប្រទេសមជ្ឈិមបូព៌ាមួយនេះ បានចេញសេចក្តីរាយការណ៍ថា ហេតុការណ៍ផ្ទុះប៉ុន្មានលើកនោះ គឺបានបណ្តាលមកពីការបាញ់មីស៊ីល របស់អ៊ីស្រាអែល ទៅលើមូលដ្ឋានយោធា Mazzeh ដែលធ្លាប់រងការវាយប្រហារពីមុនមកពីប្រទេសអ៊ីស្រាអែល៕