(បាងកក)៖ ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិច្ឆិរ៉ាឡុងកន បានសម្រេចព្រះទ័យយល់ព្រមចំពោះការតែងតាំងមេបញ្ជាការថ្មីនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៨។
លោក Apirat Kongsompong ដែលជាមេបញ្ជាការរងកងទ័ពជើងគោកថៃ នឹងឡើងជាមេបញ្ជាការថ្មី ហើយនឹងបន្តរក្សាតួនាទីជាលេខាធិការនៃក្រុមប្រឹក្សាសន្តិភាពនិងសណ្តាប់ធ្នាប់ NCPO ព្រមទាំងជាមេបញ្ជាការនៃកងកម្លាំងរក្សាសន្តិភាពរបស់ស្ថាប័ននេះដដែល។ រីឯលោក Pornpipat Benyasri ដែលអគ្គសេនាធិការនៅទីបញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធថៃ នឹងក្លាយជាមេបញ្ជាការនៅទីនោះ។ ចំណែក លោក Adm Luechai ដែលជាមេបញ្ជាការរងទ័ពជើងទឹកថៃ នឹងឡើងតំណែងជាមេបញ្ជាការ ខណៈនៅក្នុងជួរទ័ពអាកាសថៃវិញលោក Chaiyapruk Ditsayasarin ដែលជាជំនួយការមេបញ្ជាការ ត្រូវបានដំឡើងតំណែងមេបញ្ជាការ។
គួរជម្រាបថា បើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា មេបញ្ជាការកងទ័ពថ្មីទាំងនេះនៃកងកម្លាំងប្រដាប់អាវុធ នឹងស្បថចូលកាន់តំណែងជាផ្លូវការ នៅក្រោយថ្ងៃទី០១ ខែតុលា ហើយនឹងធ្វើការនៅក្រោមក្រុមប្រឹក្សា NCPO ដែលទំនងក្នុងនាមជាក្រុមចុងក្រោយ នៅមុនការបោះឆ្នោត ដែលគេរំពឹងថានឹងប្រព្រឹត្តទៅចន្លោះថ្ងៃទី២៤ ខែកុម្ភៈ និងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩៕