(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានរំសាយចោលនូវលទ្ធភាពនៃការបោះឆ្នោតប្រជាមតិជាលើកពីរស្តីពី Brexit (ការដកចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប) ដោយថាទង្វើនេះគឺប្រៀបដូចជាអំពើក្បត់យ៉ាងអាក្រក់ ចំពោះលទ្ធិប្រជាធិបតេយ្យនៃចក្រភពអង់គ្លេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកញ្ញា ឆ្នាំ២០១៨។
ជាមួយគ្នានេះ លោកស្រី May ក៏បានបញ្ជាក់ផងដែរថា រដ្ឋាភិបាលរបស់លោកស្រី នឹងបំពេញតាមការសម្រេចចិត្តតាមបែបលទ្ធប្រជាធិបតេយ្យរបស់ពលរដ្ឋអង់គ្លេស តាមរយៈការធានាឲ្យបានថា ចក្រភពអង់គ្លេស នឹងដើរចេញពីសហភាពអឺរ៉ុប (EU) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំក្រោយ។
ម៉្យាងវិញទៀត លោកស្រី May បង្ហាញជំនឿជឿជាក់ថា រដ្ឋាភិបាលលោកស្រី នឹងអាចចរចាបានកិច្ចព្រមព្រៀងល្អប្រសើរមួយ សម្រាប់ប្រទេសរបស់លោកស្រី ប៉ុន្តែទាក់ទិននឹងការចរចា Brexit ដ៏អូសបន្លាយនេះជាមួយទីក្រុងព្រុចស៊ែល លោកស្រី May បានសង្កត់ធ្ងន់ថា ចក្រភពអង់គ្លេស នឹងត្រៀមលក្ខណៈរួចរាល់ ទោះបីជាគ្មានកិច្ចព្រមព្រៀងណាមួយក៏ដោយ ប្រសិនបើជារឿងចាំបាច់។
គួររំលឹកថា នៅក្នុងការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ប្រជាជនអង់គ្លេសភាគច្រើន បានសម្រេចគាំទ្រការដកខ្លួនចេញពីសហភាពអឺរ៉ុប៕