(ទ្រីប៉ូលី)៖ ទណ្ឌិតប្រមាណ៤០០នាក់ នៅពន្ធនាគារ Ain Zara ក្នុងរដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ី បានហែកគុករត់គេចខ្លួនបាត់ ខណៈដែលការប្រយុទ្ធគ្នារវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ កាន់តែមានភាពតានតឹងឡើង។ នេះបើតាមការឲ្យដឹងពីក្រសួងយុត្តិធម៌លីប៊ី ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌លីប៊ី នៅពេលក្រុមអ្នកទោសទាំង៤០០នាក់ បានព្យាយាមរត់ចេញពីពន្ធនាគារ កម្លាំងសន្តិសុខនៃមន្ទីរឃុំឃាំងខាងលើ បានបង្ខំចិត្តអនុញ្ញាតឲ្យពួកគេចេញតាមសម្រួល ដើម្បីបញ្ចៀសការបាត់បង់ជីវិតមនុស្ស ប៉ុន្តែប្រតិបត្តិការតាមស្វែងរកនិងចាប់ខ្លួនអ្នកទោសមកវិញ ក៏កំពុងប្រព្រឹត្តទៅផងដែរ។
គួរជម្រាបថា ពន្ធនាគារ Ain Zara ស្ថិតនៅភាគខាងត្បូងទីក្រុងទ្រីប៉ូលី ដែលបាននិងកំពុងបន្តកើតមាននូវអំពើហិង្សាប៉ះទង្គិចគ្នាដ៏ក្តៅគគុកចាប់តាំងតែពី ដើមសប្តាហ៍មុនមក រវាងកងទ័ពរដ្ឋាភិបាលលីប៊ី និងក្រុមសកម្មប្រយុទ្ធ Seventh Brigade ដែលមកពីទីក្រុង Tarhuna នៅក្បែររដ្ឋធានីលីប៊ី ពោលគឺនៅចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគឦសានក្រុងទី្រប៉ូលី ហើយហេតុការណ៍ប្រយុទ្ធគ្នាទាំងនេះ បានសម្លាប់ជីវិតមនុស្សសរុប៤១នាក់ និងបង្កឲ្យរបួស១២៣នាក់៕