(ន័រវេស)៖ ប៉ូលិសន័រវេសបានឱ្យដឹងថា ពួកគេកំពុងបើកការស៊ើបអង្កេតលើករណីបាត់ខ្លួនដោយអាថ៌កំបាំងរបស់សហស្ថាបនិកគេហទំព័រ WikiLeaks លោក អាជែន កាំភីស (Arjen Kamphuis)។ លោក Kamphuis ដែលជាអ្នកជំនាញផ្នែកសន្តិសុខព័ត៌មានវិទ្យាម្នាក់ ហើយលោកត្រូវបានគេឃើញលើកចុងក្រោយកាលពីខែសីហា កន្លងទៅនៅភាគខាងជើងប្រទេសន័រវេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Japan Times នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
អ្នកនាំពាក្យប៉ូលិសជាតិន័រវេស លោក ថមមី ប៊ិច (Tommy Bech) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់) យ៉ាងដូច្នេះថា «យើងបានចាប់ផ្ដើមការស៊ើបអង្កេតមួយ ជុំវិញការបាត់ខ្លួនរបស់លោក Arjen Kamphuis ហើយយើងមិនទាន់អាចនិយាយបានឡើយថា ពលរដ្ឋន័រវេសរូបនេះកំពុងស្ថិតនៅកន្លែងណា ឬមានរឿងអ្វីកើតឡើងចំពោះគាត់»។
គួរជម្រាបថា គេហទំព័រ WikiLeaks កាលពីថ្ងៃសៅរ៍បានអះអាងថា លោក Kamphuis បានបាត់ខ្លួនដោយអាថ៌កបាំង បន្ទាប់ពីលោកត្រូវបានគេឃើញលើកចុងក្រោយ កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅ នៅពេលចាកចេញពីសណ្ឋាគារ បូដូ (Bodo) ស្ថិតនៅភាគខាងជើងប្រទេសន័រវេស។
ក៏ប៉ុន្តែអ្វីដែលគេដឹងគឺថា ការបាត់ខ្លួនសហស្ថាបនិករូបនេះ កើតឡើងនៅចំពេលមានពាក្យចចាមអារ៉ាមជាច្រើនថា ស្ថាបនិក WikiLeaks លោក ជូលៀន អាស្សាង (Julian Assange) អាចនឹងត្រូវគេបណ្ដេញចេញពីស្ថានទូតអេក្វាឌ័រ ប្រចាំទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ លោក Assange បានរស់នៅជ្រកកោនក្នុងស្ថានទូតអេក្វាឌ័រ តាមតាំងតែពីឆ្នាំ២០១២ មកម្ល៉េះ ដើម្បីគេចចេញពីការតាមចាប់ ឬក៏ធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក ដែលកំពុងតាមចាប់រូបលោក ទាក់ទិននឹងការបង្ហោះឯកសារសំងាត់ការទូត និងយោធា អាមេរិកជាច្រើនកាលពីឆ្នាំ២០១០៕