(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ឡេអន ផេណេតតា (Leon Panetta) បាននិយាយថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ មិនបានទទួលជោគជ័យដូចលោក ត្រាំ អះអាងឡើយបើទោះជាទីក្រុងព្យុងយ៉ាងផ្អាកការធ្វើតេស្ដមីស៊ីល និងនុយក្លេអ៊ែរក៏ដោយ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Japan Times នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
លោក Leon Panetta ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យ (ម៉ោងនៅក្នុងតំបន់)។ លោក Panetta បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការព្រួយបារម្ភជាខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន ព្រោះខ្ញុំគិតថា យើងបានបរាជ័យនៅក្នុងកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុន»។ លោក Panetta បន្ថែមទៀតថា «ជំនួបរវាងលោក ត្រាំ និងលោក គីម សម្រេចបានត្រឹមតែការចាប់ដៃគ្នា និងប្រើពាក្យល្អៗដាក់គ្នាតែប៉ុណ្ណោះ ប៉ុន្តែបើមើលពីទីតាំងអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើងនៅតែមានសកម្មភាពនៅឡើយ ហើយតម្រូវការចាំបាច់ដទៃទៀត នៅមុនកិច្ចប្រជុំនេះក៏មិនទាន់សម្រេចបានដែរ»។
គួរបញ្ជាក់ថា បើតាមលោក Leon Panetta ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ និងនាយក CIA ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា កិច្ចប្រជុំរវាងលោក ត្រាំ និងលោក គីម មិនត្រឹមតែជាកិច្ចរវាងមនុស្សពីរនាក់នោះទេ តែវាគឺជាកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។
តែយ៉ាងណាក៏ដោយការលើកឡើងបែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងលោក ដូណាល់ ត្រាំ ដែលធ្លាប់អួតជារឿយៗថា លោកបានទទួលជោគជ័យនៅក្នុងជំនួបជាមួយលោក គីម ដោយអះអាងថា លោកប្រើពេលតែបីខែអាចឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការធ្វើ តេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ ខណៈប្រធានាធិបតីអាមេរិកមុនៗចាយពេលជាង ៣០ឆ្នាំ តែមិនអាចធ្វើដូចលោក៕