(ហ្ស៊ឺណែវ)៖ ឧត្តមស្នងការជាន់ខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាតិ UNHRC លោកស្រី Michelle Bachelet បានចេញមុខអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យធ្វើការដោះលែងអ្នកសែត០២រូបនៃទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters ដែលត្រូវបានតុលាការនៃប្រទេសអាស៊ានមួយនេះ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដោយសារការធ្វើសេចក្តីរាយការណ៍ទាក់ទិននឹងវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី០៣ ខែកញ្ញា ឆ្នាំ២០១៨។
នាថ្ងៃចន្ទនេះតុលាការនៃទីក្រុងរ៉ង់ហ្គូន បានសម្រេចថា លោក វ៉ា ឡូណេ (Wa Lone) អាយុ ៣២ឆ្នាំ និង ក្យរ អឿអូ (Kyaw Soe Oo) អាយុ ២៨ឆ្នាំ ពិតជាបានល្មើសនឹងច្បាប់ចែងពីព័ត៌មានសម្ងាត់ជាតិមីយ៉ាន់ម៉ា កាលពីសម័យអាណានិគម នៅពេលដែលពួកគេទាំងពីរបានប្រមូល និងទទួលបានព័ត៌មានផ្ទៃក្នុងសំខាន់ៗរបស់ប្រទេសមីយ៉ាន់ម៉ា។
គួរជម្រាបថា នាពេលកន្លងមកនេះអ្នកសារព័ត៌មានទាំង០២រូប ធ្លាប់បានឆ្លើយប្រាប់តុលាការខាងលើថា មានមន្រ្តីប៉ូលិសមីយ៉ាន់ម៉ា ០២រូប បានប្រគល់ឯកសារមួយចំនួន មកឲ្យពួកគេនៅឯភោជនីយដ្ឋានមួយកន្លែង នៅភាគខាងជើងក្រុងរ៉ង់ហ្គូន មុនពេលអាជ្ញាធរដទៃទៀតបានមកចាប់ឃាត់ខ្លួនអ្នកទាំងពីរ។ ជុំវិញរឿងនេះ សាក្សីជាប៉ូលិសម្នាក់បានអះអាងថា ការជួបគ្នានៅភោជនីយដ្ឋាននាពេលនោះ គឺជាគម្រោងការដែលរៀបចំឡើងជាអន្ទាក់ ដើម្បីរាំងស្កាត់ និងដាក់ពិន័យដល់អ្នកកាសែតទាំង ០២នាក់ ដែលបានរាយការណ៍ពីការសម្លាប់រង្គាលលើជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា៕