(ប៊ែរឡាំង)៖ មន្ត្រីការទូតជើងចាស់អាល្លឺម៉ង់ លោក Wolfgang Ischinger បានកត់សម្គាល់ថាគោលនយោបាយ និងការប្រកាន់ គំនិតគាំពារនិយមបច្ចុប្បន្នរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងបង្ខំឱ្យអាល្លឺម៉ង់ ដើរចេញកាន់តែឆ្ងាយពីអាមេរិក ហើយងាកទៅរកចិន និងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
ការលើកឡើងបែបនេះរបស់លោក Ischinger ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ Reuters នៅថ្ងៃចន្ទសប្ដាហ៍នេះ។ អតីតអគ្គ រដ្ឋទូតអាល្លឺម៉ង់ប្រចាំសហរដ្ឋអាមេរិករូបនេះបន្ថែមទៀតថា ក្រោយសង្រ្គាមលោកលើកទី០២ អាល្លឺម៉ង់ពិតជារីករាយចំពោះ ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន ...ប៉ុន្តែបច្ចុប្បន្ន វាពិតជាពិបាកនិយាយណាស់ថាអាល្លឺម៉ង់អាចការពារទំនាក់ទំនងបែបនេះ បានតទៅទៀត ខណៈទំនាក់ទំនងជិតស្និទនឹងបណ្ដាប្រទេសដទៃដូចជារុស្ស៊ី និងចិនជាដើម អាចនឹងកើតមានឡើង។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយសហភាពអឺរ៉ុប ជាពិសេសគឺអាល្លឺម៉ង់ មានភាពល្អក់កករនឹងគ្នាចាប់តាំងពី លោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦មក។ ម្យ៉ាងវិញទៀត ទំនាក់ទំនងនេះរឹតតែតានតឹងឡើង បន្ទាប់ពីលោកត្រាំ ដាក់ចេញនូវគោលនយោបាយគាំពារនិយម ក្នុងនោះរួមមានប្រកាសដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្ដីពីអាកាសធាតុ, កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥, ការប្រកាសតម្លើងពន្ធ ហើយឥលូវលោកត្រាំបានព្រមាន ដកទីក្រុងវ៉ាស៊ីនតោន ចេញពីអង្គការពាណិជ្ជកម្មពិភពលោកទៀតផង៕