(ម៉ូស្គូ)៖ រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រសម្រាប់បណ្ដាប្រទេសទាំងឡាយ ឱ្យមានការបញ្ជាទិញ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីឧស្សហកម្ម និងពាណិជ្ជកម្មរុស្ស៊ីលោក ឌែនីស មែនទូរ៉ូវ (Denis Manturov) លើកឡើងយ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែអាចនិយាយបានថា យើងបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រ និងលក់វាទៅឱ្យអតិថិជន ក្នុងនោះរួមមានទំាងបរទេសដែលបង្ហាញការចាប់អារម្មណ៍ និងបញ្ជាទិញ»។
គួរបញ្ជាក់ថា កាលពីខែសីហាលោក Denis Manturov ក៏ធ្លាប់បានបញ្ជាក់ដែរថា រុស្ស៊ីអាចនឹងផលិតនាវាចម្បាំងប្រយុទ្ធ ជាជាងផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រ បន្ទាប់ពីគំរោងទិញនាវាចម្បាំង មីស្ត្រាល់ (Mistral) ពីប្រទេសបារាំងក្នុងតម្លៃជាង ១.៣ពាន់លានដុល្លារ ត្រូវបាន លុបចោលដោយសារតែការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុងម៉ូស្គូកាលពីឆ្នាំ២០១៥៕