(សេអ៊ូល)៖ កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់ជាមុន ជាមួយសហរដ្ឋអាមេរិក ជុំវិញដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូពិសេស តំណាងប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង សម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក បានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ជុំវិញដំណើរទស្សនកិច្ច នៃគណៈប្រតិភូពិសេសកូរ៉េខាងត្បូងទៅកាន់រដ្ឋធានីព្យុងយ៉ាង ដោយរដ្ឋាភិបាលប្រទេសទាំងពីរ បានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើង។
គួរជម្រាបថា ក្រុមបេសកកម្មពិសេស ដែលមានសមាសភាព ០៥រូប និងដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរបស់លោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង (Chung Eui-yong) នឹងចេញដំណើរទៅទីក្រុងព្យុងយ៉ាង នាថ្ងៃពុធស្អែកនេះសម្រាប់រយៈពេលមួយថ្ងៃដើម្បីកំណត់ថ្ងៃជួបមុខគ្នា សម្រាប់ការបើកកិច្ចប្រជុំកំពូលជាលើកទីបីរវាងលោក មូន និង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន៕