(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានគំរាមជាសាធារណៈថា នឹងចាប់ខ្លួន ព្រមទាំងដាក់ទណ្ឌកម្មលើចៅក្រម និងក្រុមមន្ត្រីនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បើសិនជាតុលាការអន្តជាតិមួយនេះ បើកការស៊ើបអង្កេតលើសំណុំរឿងចោទប្រកាន់ថា សហរដ្ឋអាមេរិក បានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១១ ខែកញ្ញា ឆ្នាំ២០១៨។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ធ្វើការព្រមានបែបនេះនៅក្នុងសន្ទរកថា មួយក្នុងទីក្រុងវ៉ាស៊ីនតោននៅថ្ងៃចន្ទ សប្ដាហ័នេះទៅកាន់អង្គការក្រុមអ្នកអភិរក្សនិយម Federalist Society ហើយលោកក៏បានចាត់ទុកផងដែរថា ICC គឺជាស្ថាប័នសិទ្ធិមនុស្សខុសច្បាប់គ្មានទំនួលខុសត្រូវ និងជាគ្រោះថ្នាក់សម្រាប់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិកទាំងអស់។
លោក Bolton បានលើកឡើងយ៉ាងដូច្នេះថា «បើសិនជាពួកគេ (ICC) ស៊ើបអង្កេតលើពួកយើង អ៊ីស្រាអែល ឬក៏សម្ព័ន្ធមិត្តរបស់អាមេរិកនោះយើងនឹងមិនអង្គុយនៅស្ងៀមនោះទេ... យើងនឹងហាមឃាត់ចៅក្រមព្រមទាំងរដ្ឋអាជ្ញា ICC ទាំងអស់មិនឱ្យចូលសហរដ្ឋអាមេរិក ក៏ដូចជាដាក់ទណ្ឌកម្មនៅក្រោមប្រព័ន្ធហិរញ្ញវត្ថុអាមេរិក ឬក៏ចាប់ខ្លួនពួកគេក្រោមប្រព័ន្ធតុលាការអាមេរិក»។
គួរបញ្ជាក់ថា បើតាមលោក John Bolton កុំថាឡើយចៅក្រម ICC សូម្បីតែក្រុមហ៊ុន ឬប្រទេសណាមួយក៏ដោយឱ្យតែហ៊ានគាំទ្រដល់ការស៊ើបអង្កេតរបស់ ICC ប្រឆាំងនឹងអាមេរិក នោះនឹងត្រូវប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក គឺជាប្រទេសមួយក្នុងចំណោមប្រទេស និងរដ្ឋជាច្រើនទៀត ដែលមិនបានចូលរួមក្នុងសិទ្ធិសញ្ញាបង្កើតតុលាការ ព្រហ្មទណ្ឌអន្តរជាតិកាលពីឆ្នាំ២០០២៕