(បាងកក)៖ នាយកដ្ឋានឧតុនិយមរបស់ប្រទេសថៃបានឲ្យដឹងថា ព្យុះត្រូពិកចំនួនពីរកំពុងតែសំដៅមកវាយប្រហារប្រទេសថៃនៅក្នុងថ្ងៃសុក្រនេះ ហើយឥទ្ធិពលរបស់វានឹងអូសបន្លាយដល់សប្តាហ៍ក្រោយ ដែលអាជ្ញាធរថៃបានចេញសេចក្តីព្រមានថា វានឹងបង្កជាភ្លៀងធ្លាក់ខ្លាំង ព្រមទាំងគ្រោះទឹកជំនន់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
ព្យុះត្រូពិកទីមួយមានឈ្មោះថា បារីចាត (Barijat) ត្រូវបានគេរំពឹងថា នឹងបង្កជាភ្លៀងធ្លាក់យ៉ាងគំហុកនៅប្រទេសថៃ ចាប់ពីថ្ងៃសុក្រនេះតទៅ។ លោក សេរី ស៊ូប្រាធីត (Seree Supratid) នាយកនៃមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្លាស់ប្តូរអាកាសធាតុនៃសាកលវិទ្យាល័យរាំងស៊ីត (Rangsit) បានបញ្ជាក់ថា «បារីចាតគឺមានដំណើរស្របជាមួយនឹងព្យុះត្រូពិកមួយទៀតឈ្មោះ បេប៊ីនកា ប៉ុន្តែវាស្ថិតនៅក្នុងកម្រិតខ្សោយជាងប៉ុណ្ណោះ...។ យើងរំពឹងថា ភ្លៀងនឹងធ្លាក់មកយ៉ាងច្រើន»។
គួរបញ្ជាក់ថា ខ្យល់ព្យុះត្រូពិកទាំងពីរខាងលើនេះ ត្រូវបានផ្នែកព្យាករណ៍អាកាសធាតុជាតិរបស់ថៃអះអាងថា នឹងបង្កជាភ្លៀងធ្លាក់ច្រើនទៅលើផ្ទៃដីយ៉ាងហោចណាស់ ៧០% នៅទូទាំងប្រទេសថៃចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ អ្វីដែលគួរឲ្យព្រួយបារម្ភពេលនេះ គឺគ្រោះទឹកជំនន់ និងលំហូរល្បាប់ភក់៕