(ប៉េកាំង)៖ ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបច្ចុប្បន្ន មិនមែនភាពឥតខ្ចោះឡើយ ហើយចិនគាំទ្រឱ្យមានការធ្វើកំណែទម្រង់ថ្មីមួយ ក្នុងនោះរួមមានទាំងកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក WTO ផងដែរ។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សារដ្ឋចិនលោក វ៉ាង យី ធ្វើការកត់សម្គាល់ដូចខាងលើ ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំងលោក ហ្សង់ អ៊ីវ ឡឺទ្រីយ៉ុង (Jean-Yves Le Drian) និងចំពេលដែលទីក្រុងប៉េកាំង កំពុងតតាំងជុំវិញជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅអង្គការ WTO។
លោក វ៉ាង យី បានលើកឡើងដូច្នេះថា «យើងមិនមានជំនឿឡើយថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោកបច្ចុប្បន្នមានភាពឥតខ្ចោះ និងគ្មានកំហុសឆ្គង... ដូច្នេះចិនគាំទ្រឱ្យមានការធ្វើកំណែទម្រង់ចាំបាច់ ក្នុងនោះរួមមានទាំងប្រព័ន្ធនៅក្នុង WTO ដើម្បីធ្វើឱ្យមានសមភាព ប្រសិទ្ធិភាព និងយុត្តិធម៌»។
គួរជម្រាបថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានបង្ហាញការខកចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មបច្ចុប្បន្នរបស់ WTO ផងដែរថា «គ្មានភាពយុត្តិធម៌ និងលម្អៀង» ហើយលោកផ្ទាល់ថែមទាំងព្រមាន ដកសហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិមួយនេះទៀតផង បើសិនជាមិនមានកំណែទម្រង់ទេនោះ៕