(វ៉ាស៊ីនតោន)៖ នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Amazon លោក ចេហ្វ បេហ្សូស (Jeff Bezos) បានសម្រេចចិត្តបរិច្ចាគប្រាក់ ២ពាន់លានដុល្លារ ឱ្យមូលនិធិមនុស្សធម៌មួយ ដែលលោកបានបង្កើតឡើងដើម្បីជួយដល់ជនក្រីក្រគ្មានផ្ទះសម្បែង និងបង្កើតបណ្ដាញសាលរៀនថ្មីៗជាច្រើន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។
លោក Jeff Bezos ដែលទើបតែជាប់ឈ្មោះជាអ្នកមានជាងគេ នៅលើពិភពលោកនាពេលថ្មីនេះ ក៏បានគូសបញ្ជាក់ផងដែរ ពីការបរិច្ចាគប្រាក់ទាំងនេះនៅលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយលោកហៅមូលនិធិថ្មីរបស់ខ្លួនថា Day One Fund។ ប៉ុន្តែការសម្រេចចិត្តបែបនេះរបស់លោក Bezos ត្រូវបានធ្វើបានឡើងបន្ទាប់ពីលោកត្រូវបានគេរិះគន់ថា មិនបានធ្វើអ្វីច្រើននោះទេខាងផ្នែកមនុស្សធម៌ ខណៈលោកត្រូវបានគេរាយការណ៍ថា មានទ្រព្យដាច់គេនៅលើលោករហូតដល់ទៅជា ១៦៤ពាន់លានដុល្លារ។
បន្ថែមពីលើនេះ បើទោះជាមូលនិធិរបស់ CEO ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ Amazon រូបនេះជាចំនួនច្រើនក៏ដោយ ក៏វានៅតែមានចំនួនតិច បើធៀបទៅនឹងមូលនិធិមនុស្សធម៌របស់ម្ចាស់ក្រុមហ៊ុន Microsoft លោក បៀល ហ្គេតស៍ (Bill Gates) ខណៈមេ Facebook លោក ម៉ាក ហ្សាក់កឺប៊ឺហ្គ (Mark Zuckerberg) សន្យាថា នឹងបរិច្ចាកប្រាក់ ៩៩ភាគរយ នៃភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Facebook៕