(វ៉ាស៊ីនតោន)៖ កិច្ចប្រជុំកំពូល​អន្តរកូរ៉េលើក​ទី ៣ នៅសប្ដាហ៍​ក្រោយនេះ នឹងក្លាយជាការធ្វើ​តេស្ដមួយថា តើ​ប្រធានាធិបតីកូរ៉េខាងត្បូង​លោក មូន ជែអ៊ីន អាចដើរតួនាទី​ជាអ្នកសម្រប​សម្រួល និងដោះស្រាយភាព​ជាប់គាំង​នៃកិច្ចចរចា​រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង​បានដែរ ឬក៏យ៉ាងណា។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

លោក មូន ជែអ៊ីន នឹងត្រូវឆ្លងព្រំដែន​ចូលទឹកដីកូរ៉េខាងជើង​ នៅថ្ងៃអង្គារសប្ដាហ៍​ក្រោយនេះ ដើម្បីចូលរួមក្នុង​កិច្ចប្រជុំកំពូល​អន្តរកូរ៉េ​លើកទី ៣ ក្នុងទីក្រុងព្យុងយ៉ាង​ជាមួយលោក គីម ជុងអ៊ុន ខណៈមានការ​សង្ស័យជា​ច្រើន ជុំវិញការប្ដេជ្ញាចិត្ត​របស់​កូរ៉េខាងជើង ក្នុងការរំសាយ​អាវុធនុយក្លេអ៊ែរ​នៅលើ​ឧបទ្វីបកូរ៉េ ដែលជាវត្ថុ​បំណងមួយ​ត្រូវបានសន្យាដោយ​លោក ដូណាល់ ត្រាំ និង​លោក គីម ក្នុងប្រទេស​សិង្ហបុរី​កាលពី​ខែមិថុនា។

គួរជម្រាបថា បើតាមអ្នកនាំពាក្យ​ប្រធានាធិបតីកូរ៉េខាងត្បូង​ម្នាក់ កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានស្នើឱ្យ​លោក មូន ជាមេណ្ដើកស្ដារ​ឡើងវិញនូវទំនាក់ទំនង​ ដែលកំពុងមានភាព​មិនច្បាស់ រវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង ក្រោយលោក ត្រាំផ្ទាល់លុបចោល​ដំណើរទស្សនកិច្ចរបស់​រដ្ឋមន្ត្រីការបរទេសអាមេរិ​ក មកកាន់កូរ៉េខាងជើង​កាលពីខែមុន។

លើសពីនេះ​ទៅទៀត មន្ត្រីរូបនេះដដែលបាន​បញ្ជាក់ទៀតថា លោក មូន ក៏នឹងពិភាក្សា​ជាមួយលោក គីម ជុងអ៊ុន ផងដែរជុំវិញការ​រំសាយអាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និងការស្វែងរក​សន្ធិសញ្ញាសន្តិភាពបញ្ចប់​សង្រ្គាមកូរ៉េ (១៩៥០-​១៩៥៣)៕