(ឡុងដ៍)៖ អតីតអ្នកនយោបាយអង់គ្លេស គឺលោក វីនស្តុន ម៉ាកខេនី (Winston Mckenzie) បាននិយាយថា គំរោងចាកចេញពី​សហភាពអឺរ៉ុប ឬ Brexit របស់នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី ថេរ៉េសា ម៉ាយ (Theresa May) គឺនឹងធ្វើឱ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប បានត្រឹមតែឈ្មោះតែ​ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១៤ ខែកញ្ញា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងបទ​សម្ភាសន៍ជាមួយ Sputnik នៅក្នុង​សប្ដាហ៍នេះ លោក Winston Mckenzie បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «គោលនយោបាយ​ចាកចេញពី​សហភាពអឺរ៉ុប​របស់ លោកស្រី May កំពុងជួបបញ្ហា​ដោយសមាជិកសភា ៤៨រូប បង្ហាញការ​ប្រឆាំង​ជំទាស់ ហើយនយោបាយ​បច្ចុប្បន្នទៀតសោត គឺនឹងធ្វើឱ្យអង់គ្លេស​ចាកចេញពីសហភាព​អឺរ៉ុប បានត្រឹមតែឈ្មោះ​តែ​​ប៉ុណ្ណោះ»

គួរបញ្ជាក់ថា រដ្ឋមន្ត្រី Brexit លោក ដូមីនិក រ៉ាអាប (Dominic Raab) នៅ​ថ្ងៃសុក្រនេះ (ម៉ោងនៅក្នុង​ទីក្រុងឡុងដ៍) នឹងចេញផ្សាយ​ពីកំណត់ហេតុ​បច្ចេកទេសជាលើកទី ២ ស្ដីពីការរៀបចំ​ចាកចេញពីសហភាពអឺរ៉ុប ហើយវាកើតឡើង​បន្ទាប់រដ្ឋភិបាលអង់គ្លេស បានឈាន​ដល់កិច្ចព្រមព្រៀងមួយ​ជាមួយ បណ្ដាក្រុមហ៊ុន​ផ្គត់ផ្គង់ទូរស័ព្ទ​ដៃ នៅក្នុងចក្រភព​អង់គ្លេស នៅក្នុងករណី​ដែលកិច្ចចរចក្នុងទីក្រុងព្រុចសែល​បរាជ័យ៕